(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភានេះ បានរៀបចំព្រឹត្តិការណ៍វាយកូនគោល <<ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង>> ឆ្នាំ២០១៩ ដើម្បីអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍ទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិ(១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៩ នៅទីលានវាយកូនហ្គោល Grand Phnom Penh ។

ជាមួយនឹងការរៀបចំពានរង្វាន់របស់ថ្នាក់ដឹកនាំ ដែលបង្កប់ដោយអត្ថន័យនេះ គេឃើញមានប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាច្រើន បានចូលរួមប្រកួត រួមមានសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន, សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ជាដើម ។

តាមការបញ្ជាក់របស់គណៈកម្មការ ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងរំលឹកនូវគុណូបការៈដល់កម្លាំងនគរបាលជាតិ ដែលបានកសាងស្នាដៃ សមិទ្ធផលវីរភាពដ៏ឧត្តុងឧត្តម និងជាគំរូសម្រាប់នគរបាលជាតិជំនាន់ក្រោយ ក្នុងការរួមចំនែកធ្វើឲ្យប្រទេសជាតិមានសន្ដិភាព ស្ថិតភាព នយោបាយ សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ នៃដំណើរការរបស់ស្ថាប័នរដ្ឋ និងសង្គម ដែលជាបុព្វបទដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឲ្យសម្រេចបាននូវយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។

ការប្រកួតនេះដែរ នឹងប្រព្រឹត្តធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ ដោយមានប្រមុខថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីទូត និងកីឡាករជាតិ-អន្ដរជាតិប្រមាណជិត ២០០នាក់ចូលរួម ហើយបែងចែកការប្រកួតជា ៣ផ្នែក ទី១៖ ប្រកួតជាក្រុមមាន ៧២នាក់, ទី២៖ ប្រកួតជាឯកត្តជន មាន ៨៦នាក់ចូលរួម និងទី៣៖ ប្រកួតផ្នែកនារី មានកីឡាការិនី ២១នាក់ចូលរួម៕