(សៀមរាប)៖ ដោយមានការសហការពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យគន្ធបុប្ជាក្នុងខេត្តសៀមរាប) ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បន្តយុទ្ធនាការចែកទឹកបរិសុទ្ធកម្ពុជារយៈពេល២ខែ ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩។

ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ ចំណុះ១.៥លីត្រ ចំនួន២២០០កេស នឹងត្រូវបានចែកជូនដល់អ្នកជំងឺគ្រប់ផ្នែក ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ខេត្តសៀមរាប។

ក្នុងយុទ្ធនាការណ៍ចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប បុគ្គលិកផ្នែកលក់ប្រចាំខេត្តសៀមរាប របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឆ្លៀតឱកាសចូលរួមបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ដើម្បីបំពេញតម្រូវការឈាម ក្នុងមន្ទីរពេទ្យនេះផងដែរ។

លោកស្រី សរ ប៉ូលីន ប្រធានផ្នែកសម្ពពប្រចាំមន្ទីរពេទ្យគន្ធបុប្ជាខេត្តសៀមរាប បានថ្លែងថា «យើងតែងតែលើកទឹកចិត្ត ឲ្យមាតាបំបៅកូនដោយទឹកដោះ ប៉ុន្តែចំពោះមាតាដែលមានបញ្ហាសុខភាព ដែលពុំអាចបំបៅកូនដោយទឹកដោះបាននោះទេ ពួកគាត់អាចប្រើប្រាស់ម្សៅទឹកដោះគោ ដោយឆុងជាមួយនឹងប្រភេទទឹកបរិសុទ្ធ ដែលមានគុណភាពល្អ ដើម្បីកុំឲ្យប៉ះពាល់សុខភាពរបស់ទារក។ ទឹកបរិសុទ្ធកម្ពុជាដែលជាប្រភេទទឹកបន្សុទ្ធ គឺស័ក្តិសមនឹងប្រើសម្រាប់ឆុងម្សៅទឹកដោះគោ សម្រាប់ទារកមែន។ ហើយថ្ងៃនេះខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែរ ដែលបាននាំយកទឹកបរិសុទ្ធកម្ពុជា ចែកជូនដោយផ្ទាល់ដល់មាតា និងទារក ដែលសម្រាកក្នុងផ្នែកសម្ពព»

ការចែកទឹកបរិសុទ្ធកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ជា ជាផ្នែកមួយនៃយុទ្ធនាការសប្បុរសធម៌ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលត្រូវបានផ្តួចផ្តើមឡើងក្នុងគោលបំណងលើកកម្ពស់ សុខមាលភាពកុមារ និងមាតា នៅតាមមន្ទីរពេទ្យកុមារនានា ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន តាមរយៈការចែកជូនទឹកបរិសុទ្ធកម្ពុជាដល់អ្នកជំងឺ សម្រាប់ទុកពិសាអំឡុងពេល សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ក្រោមយុទ្ធនាការចែកទឹកបរិសុទ្ធកម្ពុជា កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកបរិសុទ្ធកម្ពុជា ចែកជូនដល់អ្នកជំងឺដែលសម្រាកព្យាបាលនៅ មន្ទីរពេទ្យគុន្ធបុប្ជា IV និងមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ៕