(សៀមរាប)៖ សមាគមជប៉ុន ដែលមានឈ្មោះថា សមាគមមិត្តភាពអ៊ិមពិគុ (The Enpuku Friendship Association/EFA) បានប្រគល់ថវិកាចំនួន ១១.០០០ដុល្លារអាមេរិក ជូនគ្រួសារសពដែលបានស្លាប់ ដោយសារការប្លន់សម្លាប់ដោយជនជាតិបុរសជប៉ុន២នាក់ កាលពីពាក់កណ្ដាល់ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ។
ពិធីប្រគល់ថវិកា ធ្វើឡើងនៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងវត្តមានរបស់ព្រះតេជ្ជៈ ព្រះគុណ Kosei Fujimoto ប្រធានសមាគម EFA និងសមាជិកសមាគមចំនួន១៦រូប នៅឯលំនៅដ្ឋានរបស់គ្រួសារនៃសព ដែលស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ព្រះតេជ្ជៈព្រះគុណប្រធានសមាគម ក៏បាននិមន្តព្រះសង្ឃ ដើម្បីសូត្រ បង្សុកូល ឧទ្ទិសកុសល់ជូនដល់ដួងវិញ្ញាណក្ខន្ធសពលោក ហ៊ឹម ចាន់ ពីសំណាក់ព្រះសង្ឃខ្មែរ និងជប៉ុន ផងដែរ។
ចំណែកព្រះតេជ្ជៈព្រះគុណ Fujimoto បានមានសង្ឃដិការ នាឱកាសនេះថា៖ ក្នុងនាមព្រះអង្គផ្ទាល់ និងសមាជិកជប៉ុន សុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះគ្រួសារជនរងគ្រោះ គឺព្រះអង្គពិតជាមានសេចក្ដីក្រៀមក្រំ និងសោកស្ដាយណាស់ នៅពេលបានឮដំណឹងថា អ្នកបើកបររថយន្តឈ្នួលគឺលោក ហ៊ឹម ចាន់ ត្រូវបានត្រូវបានជនជាតិជប៉ុនសម្លាប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ហើយព្រះអង្គបានជំរាបទៅសមាជិកនៃសមាគម ហើយពួយគាត់ប្រមាណជា២០០រូប បានចូលរួមបរិច្ចាកថវិកាសរុបជាង១ម៉ឺនដុល្លារ ដែលព្រះអង្គយកមកប្រគល់ដោយផ្ទាល់នាពេលនេះ។
សូមបញ្ជាក់ផងដែរថា៖ ក្នុងពេលកន្លងទៅនេះ គឺមានសប្បុរសជនជាតិជប៉ុន អង្គការសមាគមជប៉ុន ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្លឹបកីឡាបាលទាត់ បានចូលរួមរំលែកទុក្ខ និងជួយឧបត្ថម្ភជាថវិកា រហូតដល់មានការសុំអភ័យទោស ចំពោះករណីនេះជាហូរហែរ។ ហើយពួកគាត់មួយចំនួនក៏បានសន្យាក្នុងការបន្តស្វែងរកសប្បុរសជនជប៉ុន ដើម្បីបន្តជួយឧបត្ថម្ភគាំទ្រជាបន្តទៀត ផងដែរ ដូចជា អង្គការ NPO ខ្យូសេ ហ្វ័ររឹម បានបន្តជួយរហូត៧ឆ្នាំ ដែលក្នុងមួយខែមានថវិកា ២៤០ដុល្លារ។
សូមរំលឹកថា បុរសអ្នករត់តាក់ស៊ីម្នាក់ឈ្មោះ ហ៊ឹម ចាន់ អាយុ អាយុ ៤០ឆ្នាំ ត្រូវបានបុរសជនជាតិជប៉ុនពីរនាក់ប្លន់និងសម្លាប់ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅជិតស្ថានីយ៍ជញ្ជីងថ្លឹង តាមបណ្ដោយផ្លូវជាតិលេខ៦ នាស្រុកពួក ខេត្តសៀមរាប។ ករណីនេះត្រូវបានសាធារណៈជន ថ្នាក់ដឹកនាំ និងសមត្ថកិច្ចយល់ឃើញថា គឺជាករណីឃាតកម្មដែលមិនធ្លាប់កើតមានសោះនៅកម្ពុជា ដែលមានជនជាតិជប៉ុនមកប្លន់និងសម្លាប់ ជនជាតិខ្មែរបែបនេះ។
ហើយបច្ចុប្បន្នស្រ្ដីម៉េម៉ាយ សុខ ចាន់រឿន ដែលត្រូវជាប្រពន្ធនៃសពលោក ហ៊ឹម ចាន់ គឺមានអាយុ៣៨ឆ្នាំ មានមុខរបរលក់ចាប់ហួយបន្តិចបន្តួច នៅខាងមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្រុងសៀមរាប។ គាត់រស់នៅជាមួយកូនៗចំនួន៤នាក់ (ស្រី១នាក់) ដែលកូនប្រុសច្បង មានអាយុ១៩ឆ្នាំ ឈប់រៀន ហើយជួយលក់ចាប់ហួយម្ដាយ, កូនប្រុសទី២ អាយុ ១៤ឆ្នាំ នៅរៀនថ្នាក់ទី៨, កូនប្រុងទី៣ មានអាយុ ១០ឆ្នាំ នៅរៀនថ្នាក់ទី២, និងកូនស្រីពៅ ទើបតែមានអាយុ៣ឆ្នាំ៕