(ភ្នំពេញ)៖ បន្ទាប់ពីបំពេញទស្សនកិច្ចជាផ្លូវការរយៈពេល៣ថ្ងៃ នៅកម្ពុជានោះ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) បានដឹកគណៈប្រតិភូចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃ។

ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ នៅកម្ពុជា គឺតបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងពេលទស្សនកិច្ច នៅកម្ពុជា លោកនាយករដ្ឋមន្ត្រីនេប៉ាល់ បានដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ ព្រមទាំងបានអញ្ជើញជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន, ជួបសម្តែងការគួរសមជាមួយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញទស្សនាសារមន្ទីរជាតិ ព្រះវិហារព្រះកែវមរតកត និងវិមានឈ្នះឈ្នះផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចលើកទី១នេះ ប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ បានបង្ហាញក្តីសង្ឃឹមដូចគ្នាថា កម្ពុជា-នេប៉ាល់នឹងបើកស្ថានទូតនាពេលខាងមុខនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមានការសិក្សាបន្ថែមទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នប្រទេសទាំងពីរនៅមានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀត។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោក សម៉ា អូលី ប្រមុខរដ្ឋាភិបាលនេប៉ាល់ បានអញ្ជើញជាអធិបតីរួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ។ រួមមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនេប៉ាល់។ មួយទៀតគឺការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងសភាពាណិជ្ជកម្មនេប៉ាល់ និង សភាពាណិជ្ជកម្មកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងឡើងវិញនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៩៩។

ដ្បិតថាបានបង្កើតទំនាក់ទំនងជាមួយគ្នាឡើងវិញរយៈជិត ២០ឆ្នាំទៅហើយក្តី តែបច្ចុប្បន្នប្រទេសកម្ពុជាមិនទាន់មានស្ថានទូតប្រចាំនៅនេប៉ាល់នៅឡើយទេ (មានវិវេសនដ្ឋាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា) ហើយនេប៉ាល់ ក៏មិនមានស្ថានទូតប្រចាំនៅកម្ពុជាផងដែរ (មាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ)៕