(ភ្នំពេញ)៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យ ថ្វាយព្រះរាជសារអបអរសាទរថ្វាយព្រះករុណា ព្រះបាទសម្តេច មហាវិជ្ជរ៉ាឡុងកន ក្នុងឱកាសនៃព្រះរាជពិធីយាងគ្រង ព្រះបរមសិរីរាជ្យសម្បត្តិជា ព្រះមហាក្សត្រថៃ។ នេះបើតាមព្រះរាជសារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ។

សូមជម្រាបថា ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិជ្ជិរ៉ាឡុងកន ទើបតែបានឡើងគ្រងរាជ្យពេញបរិបូណ៌ តាមទំនៀមទម្លាប់ប្រពៃណីថៃ នៅក្នុងព្រះរាជពិធី រាជាភិសេកដ៏អធិកអធម៌មួយ ដែលបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ ហើយត្រូវបញ្ចប់នាថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩។

បើតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន គឺជាព្រះមហាក្សត្រតាំងតែពីឆ្នាំ២០១៦ មកម្ល៉េះ ប៉ុន្តែដោយសារតែប្រទេសថៃត្រូវការពេលវេលា កាន់ទុក្ខថ្វាយអតីតព្រះមហាក្សត្រ និងការរៀបចំបោះឆ្នោតសកលថែមទៀតនោះ ទើបព្រះរាជពិធីឡើងគ្រងរាជសម្បត្តិ ត្រូវពន្យារពេលមដល់ដើមខែឧសភា៕