(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវកិត្តិយសសរុបប្រមាណ១០០រូប។ នេះបើតាមគេហទំព័រក្រសួងប្រៃសណីយ៍ ចុះផ្សាយនៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ។

លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពមួយយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍជាតិ ដូចដែលបានកំណត់ នៅក្នុងយុទ្ធសាស្ត្រដំណាក់កាលទី៤។ ទោះបីនៅពេលនេះកម្ពុជា ស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍ក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសមួយ ដែលមានសក្តានុពលខ្ពស់ ក្នុងការក្តាប់យកនូវកាលានុវត្តភាព ពីបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤.០ និងបច្ចេកវិទ្យាឌីជីថល ដោយឈរលើមូលដ្ឋានមួយចំនួនដូចជា៖ ភាពអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារវត្តមាននៃចំនួនយុវជនដ៏ច្រើនមានការអប់រំខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស, ការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍ឆ្លាតវៃ, ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាតាមរយៈ នៃការវិនិយោគផ្ទាល់ពីបរទេស និងឌីជីថលភាវូបនីយកម្មដែលកំពុងជះឥទ្ធិពលជាវិជ្ជមាន នៅក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ។ ជាក់ស្តែងនៅប្រទេសកម្ពុជា សេដ្ឋកិច្ចឌីជីថល បាននឹងកំពុងលេចរូបរាងជាបណ្តើរៗ ដូចជាការប្រើប្រាស់ការទូទាត់ឌីជីថល ការកើនឡើងនៃសកម្មភាពកំសាន្តតាមអនឡាញ សកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកជាដើម។

លោករដ្ឋមន្ត្រីបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ សបញ្ជាក់ពីស្មារតីនៃការចូលរួមសហការគ្នារវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

លោករដ្ឋមន្ត្រីសង្ឃឹមថា អនុស្សរណៈនេះនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការសម្រេចនូវគោលដៅនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក៏ដូចជារួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសអភិវឌ្ឍន៍នាពេលអនាគត៕