(ភ្នំពេញ)៖ ទីតាំងល្បែងស៉ីសងខុសច្បាប់ (ជល់មាន់តាមអនឡាញ) ជ្រកក្រោមស្លាកយីហោ «តុលាកាហ្វេ 6666» ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ឆ្មក់ចុះបង្ក្រាបនៅវេលាម៉ោង០០៖១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០១៩នេះ នៅតាមផ្លូវបេតុងគ្មានលេខ ជិតផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ការបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាញ​មួយនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនមនុស្សប្រុសស្រី១៦នាក់ និងដកហូតបានវត្ថុតាងជាច្រើនទៀត។

ក្នុងការបង្ក្រាបទីតាំងខាងលើនេះ បានធ្វើឡើងដោយមានការអនុញ្ញាតពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យកាសាលាដំបូងរាជធានីភ្នំពេញ អមដោយលោក គឹម ឆេងប៊ុន ក្រឡាបញ្ជី និងដោយមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងលោកវរសេនីត្រី ម៉ម សាវន ដែលជានាយផ្នែក។

បើតាមរបាយការណ៍ដដែល បច្ចុប្បន្នជនប្រុសស្រីទាំង១៦នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នាំមកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕