(ភ្នំពេញ)៖ ជនសង្ស័យដែលជាមុខសញ្ញា ជួញដូរគ្រឿងញៀនដ៏សកម្ម ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនព្រមទាំងដកហូតថ្នាំញៀនចំនួន១២៤កញ្ចប់ និង២កញ្ចប់ធំ នៅវេលាម៉ោង១២៖១០នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលស្ថិតនៅចំណុចផ្លូវរថភ្លើង R6 (ក្តាន់ពីរ) ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមលោក ម៉ៅ ចាន់ថុន អធិការរងទទួលបន្ទុកផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានប្រាប់ឱ្យភ្នាក់ងារ Fresh News ឱ្យដឹងថា ដោយអនុវត្តន៍តាមបញ្ជាដឹកនាំរបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានជំរុញឱ្យអធិការខណ្ឌទាំង១២ បើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរ នូវសារធាតុញៀនដោយខុសច្បាប់។

ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានធ្វើបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរបានម្នាក់ និងធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន១២៤កញ្ចប់ ក្នុងនោះមាន០២កញ្ចប់ធំ, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង, ដាវកែឆ្នៃចំនួន៤ដើម, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

លោកអធិការរងបានបន្តទៀតថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ លឹម រតនា ហៅ អាពេជ្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន) ស្នាក់នៅបន្ទប់ជួលទីតាំងខាងលើ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕