(ព្រះសីហនុ)៖ មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបំភ្លឺឲ្យសាធារណជនដឹងថា មូលហេតុបណ្តាលឲ្យចរាចរណ៍កកស្ទះខ្លាំង នៅតាមផ្លូវមួយចំនួន ជាពិសេសនៅពេលល្ងាច នាទីប្រជុំជន ក្នុងក្រុងព្រះសីហនុរាល់ថ្ងៃនេះ ដោយសារកត្តាមួយចំនួនមានដូចជា៖ កត្តាយានយន្តកើនច្រើន, ការបើកបរមុនគោរពច្បាប់ ឬមិនគោរពភ្លើងស្តុប ។

លើសពីនេះ ក៏បណ្ដាលមកពីការបើកបរវ៉ាជែងគ្មានសណ្តាប់ធ្នាប់, បើកបរគ្មានសុជីវធ៌ម មិនមើលមុខក្រោយ, បើកបរមិនប្រកាន់គន្លងផ្លូវ, ការបត់យានយន្តឆ្លងកាត់ផ្លូវ មិនមើលស្ថានភាពចរាចរណ៍, ការបើកបរមិនយោគយល់គ្នា និងការចតយានយន្តនៅតាមចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ជាដើម គឺជាមូលហេតុចម្បងនាំឲ្យចរាចរណ៍កកស្ទះស្ទើររាល់ថ្ងៃ នាទីប្រជុំជនក្នុងក្រុងព្រះសីហនុ។

ត្រង់ចំណុចនេះ មន្ដ្រីនគរបាលជំនាញ បានបញ្ជាក់ថា កន្លងមកដើម្បីទប់ស្កាត់ចរាចរណ៍កកស្ទះខាងលើនេះ សមត្ថកិច្ចបានចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងចុះអប់រំច្បាប់ចរាចរណ៍ ដល់អ្នកបើកបរនៅតាមផ្លូវសាធារណៈជាបន្តបន្ទាប់។ ជាងនេះទៀត ក៏បានផាកពិន័យ និងចាប់ស្ទូចយករថយន្តមួយចំនួន យកមករក្សាទុក ដើម្បីព្រមាន និងផាកពិន័យ ដល់កន្លែងសមត្ថកិច្ច ប៉ុន្តែតាមការសង្កេត ឃើញនៅមានអ្នកបើកបរភាគច្រើន នៅតែបង្ហាញឥរិយាបទបើកបរ មិនគោរពច្បាប់ដដែល។

ប្រការនេះ សាធារណជនផ្តល់យោបល់ថា ទាល់តែសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ចាំបាច់ត្រូវតែពង្រាយកម្លាំង ប្រចាំការជួយសម្រួលចរាចរណ៍ នៅតាមភ្លើងស្តុប និងតាមផ្លូវកេងនានាដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ដើម្បីរង់ចាំជួយសំរួលចរាចរណ៍ជារៀងរាល់ថ្ងៃ ទើបអាចបញ្ចៀសការកកស្ទះចរាចរណ៍ ក្នុងក្រុងព្រះសីហនុ មានភាពប្រសើរឡើង៕