(រតនគិរី)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី ដឹកនាំដោយលោក ហេង សាយ ប្រធានសាខា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព ទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនានា នៅផ្សារបានលុង និងផ្សារកូនមុំ ខេត្តរតនគិរី រកឃើញងៀតបបែល មានសារធាតុ Borax និងទំនិញហួសកាលបរិច្ឆេទ ដកហូតទុកដុតកម្ទេចចោល។

លោក ហេង សាយ ប្រធានសាខាកាំកុងត្រូលខេត្តរតនគិរី បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមផ្ទះលក់ផ្សារបានលុង និងផ្សារកូនមុំ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណ ចំនួនសរុប៦១,៧៨គីឡូក្រាម និងងៀតបបែល សរុប៣,២០គីឡូក្រាម មានសារធាតុ Borax ក្រុមការងារបានធ្វើកំណត់ដកហូតដុតកម្ទេចចោលភ្លាមៗ។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

លោកប្រធានសាខា បានណែនាំដល់អាជីវករផ្សារទាំរពីរ ដឹងពីរបៀបពិនិត្យលើស្លាកសញ្ញា ថ្ងៃ-ខែ-ឆ្នាំ ផលិតឬផុតកំណត់រយៈពេល ប្រើប្រាស់សំបកវេចខ្ចប់ផលិតផល អនាម័យ នៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារ ដែលមានសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម៕