(ស្ទឹងត្រែង)៖ នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលអន្លង់ជ្រៃ បានយកគ្រឿងចក្រទៅឈូសឆាយវាទយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ នៅចំណុចអូរខ្យង ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាប និងឃាត់បានគ្រឿងចក្រ (អាអ៉ិច) មួយគ្រឿង ព្រមទាំងអ្នកបើកបរម្នាក់។

លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះថា នៅម៉ោង១២៖០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ចំណុចអូរខ្យង UTM593025-1523097 ក្នុងភូមិសាស្ត្រ ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កម្លាំងរបស់លោកសហការជាមួយក្រុមចម្រុះអាជ្ញាធរមូលដ្ឋាន ស្រុកថាឡាបរិវ៉ាត់ ដែលដឹកនាំដោយលោក អ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ បង្ក្រាបការឈូសឆាយដីព្រៃឈើ របស់រដ្ឋយកធ្វើកម្មសិទ្ធិ។

បើតាមលោកមេបញ្ជាការ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ឃាត់គ្រឿងចក្រសាស័រ១គ្រឿង ម៉ាក D60 ពណ៌លឿង លេខតួ 30173 មួយគ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃឈើ បានទំហំចំនួន៣ហិកតា។

តាមការបំភ្លឺរបស់អ្នកកំពុងបើកបរគ្រឿងចក្រខាងលើបានអះអាងថា ឈ្មោះ អឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ ព្រះរំកិលអន្លង់ជ្រៃ ជាអ្នកជួលឲ្យគាត់មកឈូសឆាយដីព្រៃខាងលើនេះ។ បច្ចុប្បន្នវត្ថុតាងខាងលើរដ្ឋបាលព្រៃឈើ បានដឹកជញ្ជូនយកមករក្សាទុក នៅកន្លែងផ្ទះស្នាក់នៅ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង៕