(ភ្នំពេញ)៖ លោកស្រី រ៉ូ ណាស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងកោតសសើរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលថ្មីៗនេះបានបង្កើតឱ្យមានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន ដើម្បីជួយការពារក្តីជូនជនរងគ្រោះដែលជាស្ត្រី មានជីវភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកស្រី រ៉ូ ណាស្មីត និងលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធក្នុងវិស័យច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅទីស្តីការក្រសួងយុត្តិធម៌។

បើតាមលោក ជិន ម៉ាលីន, លោកស្រី រ៉ូ ណាស្មីត បានយ៉ាងដូច្នេះថា៖ «អឹចឹងគាត់បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែង និងការវិវត្តន៍ជាវិជ្ជមានទាក់ទងការងារផ្នែកច្បាប់នេះ ហើយគាត់ក៏អបអរសាទរនូវការបង្កើតយន្តការថ្មី មួយទៀតគឺមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ ដែលបានប្រកាសនៅពេលថ្មីៗនេះ គឺថាបានជួយដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីដែលក្រីក្រហ្នឹង ច្រើនជាងយន្តការបន្ថែម»។

លោកស្រីបានបន្តថា ចំណុចនេះ ក្នុងនាមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្រកាសស្វាគមន៍ ព្រមមទាំងវាយតម្លៃខ្ពស់ក្នុងការវិវត្តន៍លើវិស័យច្បាប់នៅកម្ពុជា ដែលមានជម្រើសច្រើន សម្រាប់ប្រជាពលរដ្ឋក្នុងការទទួលយកសេវាជំនួយផ្នែកច្បាប់។ បន្ថែមពីនេះ លោកស្រី រ៉ូ ណាស្មីត ក៏ផ្តល់ជាអនុសាសន៍មួយ គួរតែច្របាច់បញ្ចូលជាយន្តការតែមួយទៅតាមច្រកចេញចូលតែមួយ លើសេវាផ្តល់ប្រឹក្សាផ្នែកច្បាប់ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលទៅរកសេវានេះ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ លើសេវាផ្នែកច្បាប់នេះតែម្តង ព្រមទាំងបានវាយតម្លៃខ្ពស់ពីការធ្វើទំនើបកម្ម គុណភាពនៃសេវា ការផ្សព្វផ្សាយ តម្លាភាពនៃសេវាយុត្តិធម៌នៅតាមតុលាការ។

លោក អង្គ វង្ស វឌ្ឍានា បានថ្លែងប្រាប់ លោកស្រី រ៉ូ ណាស្មីត លើការវិវត្តន៍ផ្នែកច្បាប់ជាច្រើន ក្នុងការកិច្ចការងារសហការរវាងក្រសួងយុត្តិធម៌ និងគណៈមេធាវី ក្នុងការផ្តល់មេធាវីការពារក្តីដល់ជនក្រីក្រនៅតាមសាលាដំបូងគ្រប់រាជធានី-ខេត្ត ដោយមានមេធាវីប្រចាំការយ៉ាងណាស់៥នាក់ នៅតាមបណ្តាខេត្តនីមួយៗ ដែលមកពេលនេះក្រុមមេធាវីដែលបានដាក់ពង្រាយនៅតាមមូលដ្ឋានទូទាំងប្រទេស បានជួយដល់ជនរងគ្រោះដែលមានជីវភាពក្រីយ៉ាងច្រើនផងដែរ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា បច្ចុប្បន្ននេះ ក្រសួងបានបង្កើតមណ្ឌលសេវាយុត្តិធម៌នៅតាមបណ្តាលស្រុក-ខណ្ឌ ដែលមានចំនួន៦៦មណ្ឌល ព្រមទាំងបានដាក់មន្ត្រីផ្នែកច្បាប់នៅតាមមណ្ឌលទាំងនោះជិត៣០នាក់ផងដែរ។ មណ្ឌលសេវាយុត្តិធម៌នេះ បានដោះស្រាយវិវាទដែលមាលក្ខណៈតូចតាចបានយ៉ាងច្រើននៅតាមមូលដ្ឋាន ដោយធ្វើការអប់រំផ្នែកច្បាប់ជូនប្រជាពលរដ្ឋ ព្រមទាំងប្រឹក្សាផ្នែកច្បាប់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃសេវានោះឡើយទាំងនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផងដែរ។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា សម្រាប់កិច្ចពិភាក្សានៅពេលនេះលោកស្រី រ៉ូ ណាស្មីត ជាមួយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺផ្អែកតែទិដ្ឋភាពច្បាប់តែប៉ុណ្ណោះ ពាក់ព័ន្ធទៅលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដោយមិនបានពិភាក្សាលើរឿងអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទិដ្ឋភាពនយោបាយ ឬការស្នើសុំពីសកម្មជនសង្គមស៊ីវិលមួយចំនួន ដើម្បីមកដាក់សម្ពាធមកលើរាជរដ្ឋាភិបាលនោះទេ៕