(ពោធិ៍សាត់)៖ សមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា ដឹកនាំដោយលោក មែ ស៊ីថុន ជាប្រធានសមាគម បានចុះចែកសម្ភារសិក្សា និងសំណេះសំណាល ជាមួយមាតាបិតាសិស្ស នៃសាលាបឋមសិក្សា «ពោល្យំ» ស្ថិតនៅភូមិពោល្យំ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោក មែ ស៊ីថុន បានឲ្យដឹងថា សម្រាប់កម្មវិធីនេះ បង្កើតឡើងក្នុងគោលបំណង ចែករំលែកក្តីស្រលាញ់ដល់ក្មួយៗ ក្នុងនាមជារៀមច្បងជំនាន់មុន និងលើកទឹកចិត្តក្មួយៗសិស្សានុសិស្ស ឲ្យចេះស្រលាញ់ការសិក្សា និងបង្ហាញពីក្តីស្រលាញ់ ដែលសង្គមកម្ពុជា មានចំពោះក្មួយៗ។

លោកថា ស្របពេលជាមួយគ្នានេះដែរ ក្រុមការងារសមាគម ក៏ឆ្លៀតឱកាសជួបសំណេះសំណាល ជាមួយអាណាព្យាបាលសិស្ស និងបង្ហាញពីតម្លៃនៃការសិក្សា ព្រោះថា ឪពុកម្តាយជាចំណែកមួយធំ និងសំខាន់ណាស់ ក្នុងការបញ្ជូនកូនមករកចំណេះដឹង និងលើកទឹកចិត្តកូនឲ្យកាន់តែស្រលាញ់ និងយកចិត្តទុកដាក់លើការសិក្សា។

ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា រូបនេះ បានបន្ដទៀតថា ជាពិសេសទៅទៀតនោះ ក៏ចង់សំដែងសេចក្តីថ្លែងអំណរគុណ និងកោតសរសើរ ចំពោះលោកនាយក លោកគ្រូ-អ្នកគ្រូ ដែលបានចំណាយទាំងកំលាំងកាយចិត្ត បណ្តុះទំពាំងថ្មីនេះ ឲ្យដុះក្លាយជាឫស្សីរឹងម៉ាំសម្រាប់ប្រទេសជាតិ។

ជាមួយគ្នានោះ លោក មែ ស៊ីថុន ក៏បានលើកឡើងថា តែទោះជាយ៉ាងណាក៏ដោយ ក៏យើងមិនភ្លេចពីប្រភព និងប្រវត្តិដែលនាំឲ្យមានភាពសុខសាន្ត របស់ប្រទេសជាតិយើងសព្វថ្ងៃនេះដែរ បើមិនដូច្នោះទេ យើងគ្មានពេលជួបជុំគ្នា សើចសប្បាយដូចថ្ងៃនេះ។

លោក មែ ស៊ីថុន បានបន្ដថា «យើងក៏គ្មានពេលធ្វើកិច្ចការល្អៗជាច្រើន សម្រាប់ប្រទេសជាតិយើង។ យើងគ្មានឱកាស នឹងនាំកូនចៅយើង ឲ្យស្គាល់ភាពរីកចំរើន និងការអភិវឌ្ឍពិតប្រាកដដូចអ្វី ដែលយើងមានបានដូចសព្វថ្ងៃនេះដែរ»។

លោក មែ ស៊ីថុន បានគូសបញ្ជាក់ថា អ្វីដែលបានទាំងអស់នេះ គឺមកពីការខិតខំកសាង ប្រទេសដោយ បាតដៃទទេ ដោយចាប់ផ្តើមពីចំណុចក្រោមសូន្យ របស់រាជរដ្ឋាភិបាល ដែលមានរយៈពេលជាង៣០ឆ្នាំកន្លងមក ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលលោកមានការដឹកនាំ ប្រកបដោយយុទ្ធសាស្ត្រ និងទស្សនៈវែងឆ្ងាយ។

ក្នុងឱកាសនោះ ប្រធានសមាគមអតីតសិស្ស-និស្សិត នៅកម្ពុជា បានឲ្យដឹងថា នៅក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៣ មនុស្សបានក្លាយជាអាទិភាពទី១វិញ ហើយផ្លូវ ភ្លើង និងទឹក បានក្លាយជាអទិភាពបន្តបន្ទាប់ ។

លោកថា ការអភិវឌ្ឍធនធានមនុស្ស រួមមាន ទី១៖ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាស្ថាន និងបច្ចេកទេស, ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស, ទី៣៖ ការលើកកម្ពស់ សេវាសុខភាពសាធារណៈ និងអាហាររូបត្ថម្ភ និងទី៤៖ ការពង្រីកសមភាពយេនឌ័រ និងការគាំពារសង្គម ។

«ដូច្នេះអ្វី ដែលពួកយើងបានធ្វើដោយកាតព្វកិច្ចក្តី ដោយការស្ម័គ្រចិត្តក្តី ក្នុងកិច្ចការទាំងអស់នេះ គឺសុទ្ធតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល និងជួយជំរុញឲ្យការអនុវត្ត និងរួមចំណែកបង្កើត និងបង្កើតសមិទ្ធិផល របស់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់បន្ថែម របស់លោក មែ ស៊ីថុន។

លោកថា ម្យ៉ាងទៀត ប្រសិនបើរាជរដ្ឋាភិបាលមិនខិតខំ ដោយដៃម្ខាងការពារប្រទេស រក្សាភាពសុខសាន្ត និងសន្តិភាព ហើយដៃម្ខាងខិតខំបង្កើនសេដ្ឋកិច្ចជាតិ ក៏ពួកយើងមិនអាចរស់នៅដោយសុខដុមរម្យនាដូច្នេះដែរ ដូច្នេះយើងមិនអាចភ្លេចប្រវត្តិរបស់យើងបានឡើយ។ យើងត្រូវតែខំរក្សាអ្វីដែលល្អនេះ ហើយរួមគ្នាធ្វើល្អ និងចែករំលែកគ្នាបន្ថែមទៀត ទើបប្រទេសជាតិយើងរីកចម្រើនឆាប់រហ័ស។

សូមជម្រាបថា សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៩នេះ និងមានទីស្នាក់ការកណ្តាលស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ថ្វីត្បិតតែសមាគមនេះ ទើបតែបង្កើតក៏ពិតម៉ែន ប៉ុន្តែក្រុមអតីតសិស្សនិស្សិត ដែលជាសមាជិកស្នូល ក្នុងសមាគមនេះ បានចូលរួមកម្មវិធីមនុស្សធម៌ផ្សេងៗ ប្រមូលផ្តុំយុវជនគម្រូ ផ្តួចផ្តើមគំនិត និងគៀងគរធនធាន សម្រាប់ចូលរួមសកម្មភាពសង្គម ក្នុងគោលដៅរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការពារគុណភាពបរិស្ថាន តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ៕