(ភ្នំពេញ)៖ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌម្នាក់ របស់ក្រសួងមហាផ្ទៃ ដែលបានបង្កបទល្មើសហិង្សាប្រើប្រាស់កាំភ្លើង ដោយបើករថយន្ដតាមរករឿង រហូតបាញ់ចំនួន ៥គ្រាប់ ទៅលើរថយន្ដជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើល នៅពាក់កណ្ដាលអាធ្រាត្រ ក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើឲ្យផ្ទុះប្រតិកម្មយ៉ាងខ្លាំងៗ ពីប្រជាពលរដ្ឋនៅលើបណ្ដាញសង្គម Facebook។

ប្រតិកម្មរបស់មហាជនតាមរយៈវីដេអូជាក់ស្ដែង ដែលមន្ដ្រីនគរបាលពាក់ស័ក្ដិ៥ ស្រវឹងស្រារូបនេះ បានបាញ់ចំនួន៥គ្រាប់ ទៅលើរថយន្ដរបស់ជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ ដោយម្នាក់ៗចង់ឲ្យថ្នាក់ដឹកនាំ ដកតួនាទី និងចាត់វិធានការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា លោកវរសេនីយ៍ ឯក ឌួង ណាគ្រី មានតួនាទីជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្នុងអាការៈស្រវឹងបានបើករថយន្ដម៉ាក Lexus RX350 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B-5153 តាមរករឿងជនរងគ្រោះ ២នាក់ប្ដីប្រពន្ធ បើករថយន្ដម៉ាក Rang Rover ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2U-4448 តាំងពីមុខមជ្ឈមណ្ឌលរ៉ុក រហូតទៅដល់ក្បែរអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ស្រាប់តែចុះពីលើរថយន្ដទាញកាំភ្លើងខ្លី បាញ់ទៅលើរថយន្ដជនរងគ្រោះ ៥គ្រាប់ជាប់ៗគ្នា បណ្ដាលឲ្យខូចខាតកញ្ចក់ខាងក្រោយ ប៉ុន្ដែសំណាងល្អមិនបង្កឲ្យជនរងគ្រោះទាំង២នាក់ ប៉ះពាល់អាយុជីវិត គ្រានតែស្ដ្រីជាប្រពន្ធភ័យពេកបានដួលសន្លប់ដឹកភា្លមៗ ទៅកាន់មន្ទីរពេទ្យ។

តាមរយៈ Comment នៅលើបណ្ដាញសង្គម Facebook មហាជនបានទទូចឲ្យចាត់វិធានការតាមផ្លូវច្បាប់ ដែលពួកគេចាត់ទុកថា ជាការកាត់សាច់ស្អុយចោល នៅក្នុងជួរកងកម្លាំងនគរបាលជាតិ។

ជាក់ស្ដែងពលរដ្ឋម្នាក់ បានបញ្ចេញជាយោបល់ថា «ក្នុងនាមខ្ញុំប្រជាពលរដ្ឋ សុំសំណូមពរសម្តេច មេត្តាបញ្ចេញអភិក្រមទី៥ ដកតួនាទី និងកាត់ទោសតាមច្បាប់ លើមន្រ្តីទំនើងម្នាក់នេះផង ព្រោះនេះជាសាច់ស្អុយក្នុងជួរអង្គភាព មានហានិភ័យសម្រាប់ពលរដ្ឋទូរទៅណាស់ ដោយក្តីគោរព»

ដោយឡែក ពលរដ្ឋម្នាក់ទៀតបានបញ្ចេញទស្សនៈផងដែរថា «ចងធ្វើស៊ីគេឆៅៗតាហ្មង ឬសូមក្រសួងមហាផ្ទៃ ចាប់អាឆ្កែឃាតករ ២ក្បាល និងដាក់គុកឲ្យបានជាដាច់ខាត វាជាអំពើប៉ុនប៉ងមនុស្សឃាតដោយចេតនា នេះសំណាងហើយដែល មិនត្រូវមនុស្សកុំអីសួរថាតើ អ្នកណាជាអ្នកទទួលខុសត្រូវ កាំភ្លើងបាញ់នោះសេរីបែបនេះពិតជា បង្កភាពចលាចលណាស់»។

សម្រាប់ពលរដ្ឋម្នាក់ទៀត បាននិយាយថា «ក្នុងនាមខ្ញុំជាពលរដ្ឋ សុំសម្ដេច ហ៊ុន សែន និងសម្ដេច ស ខេង មេត្តាចាប់ជនបង្កកាត់ទោសតាមផ្លូវច្បាប់»។ ពលរដ្ឋម្នាក់ទៀតបានបញ្ជាក់ផងដែរថា «
តើស្រុកខ្មែរនៅមានមន្រ្តីធុនហ្នឹងប៉ុន្មាននាក់ទៀត? សូមថ្នាក់លើមេត្តាកាត់សាច់ស្អុយរលួយចោល ឲ្យអស់ទៅអាណិតរាស្រ្តផង»។

ដោយឡែកប្រជាពលរដ្ឋមួយរូបទៀត ក៏បានបញ្ចេញទស្សនៈថា «មន្រ្តី ថោកទាប ថ្នាក់ដឹកនាំខិតខំប្រឹងប្រែង ដើម្បីរាស្ត្រមន្រ្តីប្រឹងប្រែងបំផ្លាញយើង មិនដឹងសាច់រឿងយ៉ាងណា ប៉ុន្តែត្រូវដោះស្រាយ តាមច្បាប់»។ ពលរដ្ឋម្នាក់ទៀតថា «បាញ់បោះសេរី ប្រមាថអាយុជីវិត ប៉ងមនុស្សឃាតដោយចេតនា (គុក) តាមមាត្រាច្បាប់»។ ជាមួយគ្នានេះ ប្រជាពលរដ្ឋម្នាក់បានចាត់ទុកថា «មន្ត្រីបែបហ្នឹង ទុកធ្វើអីដកក្រវាត់ចោលព្រមានដល់មន្ត្រីផ្សេងកុំឲ្យយកគំរូតាម ទើបធ្វើឲ្យស្តាប័នរីកទៅមុខ មន្ត្រីខ្លះចរឹកចោលម្សៀតចេះធ្វើការធំដែរ ខណៈម្នាក់សុំឲ្យ ដកចោលទៅពួកអាបំបង់បាយ ផឹកស្រវឹងមិនចូលដេកពួនទេ បើកឡានរករឿងគេទៀត វាខុសច្រើនណាស់» អ្នកលេង Facebook ម្នាក់ទៀតបានបញ្ចេញទស្សនៈផងដែរថា «ច្បាប់គួរតែដាក់ទោសអាមន្រ្តីពាលនឹងបានដែរឬទេ អាងខ្លួនជាមន្រ្តីប៉ូលីសចង់ធ្វើបាបរាស្រ្តទន់ខ្សោយ ហើយម្នាក់ទៀតចាត់ទុកថា បាញ់ឲ្យហើយ ព្រោះពេលចូលគុកលែងបានបាញ់ហើយ។ ខ្ញុំជឿរជាក់លើលសម្តេច ខ្ញុំថា មិនឲ្យជនបង្កររួចខ្លួនទេ»

នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា រឿងដែលត្រូវដំណើរការនៅពេលនេះ មាន២ករណី។

ទី១៖ ត្រូវឲ្យមានការសម្របសម្រួលជាមួយភាគីជនរងគ្រោះ ឲ្យសុំទោស និងសងសំណងដែលជាសំណងរដ្ឋប្បវេណី

និងទី២៖ ត្រូវអនុវត្តតាមវិន័យកងកម្លាំងនគរបាលជាតិ ធ្វើកិច្ចសន្យាត្រឹមត្រូវ។

ប៉ុន្ដែនាយឧត្តមសេនីយ៍ ក៏បានបញ្ជាក់ផងដែរថា បើគ្មានការសម្របសម្រួលណាមួយកើតឡើង ជាមួយភាគីជនរងគ្រោះនោះទេ មន្ដ្រីនគរបាលរូបនេះ នឹងត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ចំណែកជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមដំណើររឿង ជនបង្ក និងជនរងគ្រោះទាំង ២នាក់ប្តីប្រពន្ធ បានឈ្លោះប្រកែគ្នាតាំងពីមុខមជ្ឈមណ្ឌលកំសាន្តរ៉ុក រ ហូតក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទីដែលជននេះបានចុះពីលើរថយន្ត បាញ់ទៅលើរថយន្តជនរងគ្រោះពីក្រោយតែម្តងចំនួន ៥គ្រាប់។ ក្រោយបាញ់ហើយ ជនបង្ករូបនេះ បានបើករថយន្តគេចខ្លួនបាត់ តែមួយសន្ទុះក្រោយមក បានបើករថយន្តមកកន្លែងកើតហេតុ ក៏ត្រូវកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួនតែម្តង៕