(ភ្នំពេញ)៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ជាតិ និងអន្ដរជាតិ ដែលបានបន្ដចូលរួមដ៏សកម្មក្នុងការផ្ដល់ថវិកា និងសម្ភារផ្សេងៗដើម្បីចូលរួមចំណែកសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះបំផុត។

ការថ្លែងបែបនេះ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួនបី នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ដែលប្រព្រឹត្ដទៅនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ។

ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងបន្ដថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏ថ្លែងអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដការជួយឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា ដល់កាកបាទក្រហមកម្ពុជា ដើម្បីមានលទ្ធភាព ក្នុងការបន្ដសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅទូទាំងប្រទេស ជាពិសេសស្ដ្រីមេម៉ាយ ចាស់ជរាគ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមហន្ដរាយនានា ដោយភ្លើងឆេះ ខ្យលកន្ដ្រាក់ ជាដើម។

ជាកិច្ចឆ្លើយតបគណៈប្រតិភូតំណាងឲ្យគ្រប់ក្រុមហ៊ុនទាំងអស់ បានសម្ដែងការពេញចិត្ដ និងមានទំនុកចិត្ដយ៉ាងខ្លាំង ពីកាកបាទក្រហមកម្ពុជា ក្រោយការដឹកនាំរបស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែង ជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតំរូវការរបស់ប្រជាជន បានទាន់ពេលវេលា ដែលនេះបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ។

ខាងក្រោមនេះ ជាអំណោយរបស់សប្បុរសជន ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជានៅថ្ងៃទី២ ខែឧសភានេះ៖

១៖ ក្រុមហ៊ុន តេឡាកម្ពុជា (TELA CAMBODIA CO .,LTD) ដឹកនាំដោយលោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនតេឡាកម្ពុជា បានឧបត្ថម្ភទឹកប្រាក់១ពាន់លានរៀល (ប្រមាណ២៥ម៉ឺនដុល្លារអាមេរិក)

២៖ ក្រុមហ៊ុន ស៊ីន នីវ អ៊ិនវេសមេន ឯ.ក (HSIN NIU INVESTMENT CO.,LTD) ដឹកនាំដោយលោក ផេតធ័រ វ៉ាង (Peter Wang) អគ្គនាយកក្រុមហ៊ុន ឧបត្ថម្ភ៥ម៉ឺនដុល្លារអាមេរិក និងបន្ដបរិច្ចាគ៥% នៃប្រាក់ចំណេញនៃក្រុមហ៊ុន ក្នុងរយៈចំនួន១០ឆ្នាំ ជូនដល់កាកបាទក្រហមកម្ពុជាផងដែរ ។

៣៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅ របស់កោះតៃវ៉ាន់ (Taiwan External Trade Develpment Council:THAITRA) ដឹកនាំដោយលោក លូ គើហ្សីង (Lo Kuei Hsing) សមាជិកក្រុមប្រឹក្សាភិបាលប្រចាំខេត្ដ Maoli ឧបត្ថម្ភ៥ម៉ឺនដុល្លារអាមេរិក។

សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា នឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» និងអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៨ព្រឹក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណ៤ពាន់នាក់៕