(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ដោយសារតែកម្ពុជាមាន កត្តាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ បានធ្វើឱ្យបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែក្នុងឆ្នាំ២០១៨ មានកំណើនខ្ពស់រហូតដល់ ៥៤១.២២៨ TEUs ដែលស្មើនឹង ១៨% ធៀបនឹងឆ្នាំ២០១៧ ហើយសម្រាប់រយៈពេល៣ខែ ដើមឆ្នាំ២០១៩នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែមានចំនួន១៣៩,៨៨៩ TEUs ដែលមានកំណើន១៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងឱ្យដឹងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានឡើងអានពីរបាយការណ៍ ស្តីពីកំពង់ផែក្រុងព្រះសីហនុ ដើម្បីជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសដែលលោកឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្មករនិយោជិត នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងបន្តទៀតថា ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងរំពឹងថា បរិមាណកុងតឺន័រដែលឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០,០០០ TEUs នៅឆ្នាំ២០២០ និងលើស ១,០០០,០០០ TEUs នៅឆ្នាំ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា។ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា រយៈពេលថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា សំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿន នៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការដូចជាបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន១០% បញ្ចុះថ្លៃ Bonus ពី៧.៥០ដុល្លារ មក៥ដុល្លារអាមេរិក ក្នុងមួយ Box និង កែសម្រួលមិនគិតថ្លៃឈ្នួលបម្លាស់ទីនាវា (Shifting) ។

លោកបានបញ្ជាក់ទៀតថា វិស័យឯកជន ដែលជាក្រុមហ៊ុននាវា (Shipping lines) មួយចំនួនក៏បានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយតម្លៃឡូជីស្ទិកផងដែរ ដែលក្នុងនោះមានដូចជា ទី១៖ ការបញ្ចុះតម្លៃលើកដាក់នៅចំណត (Terminal Handling Charge-THC) មកត្រឹម $៥/TEU លើសេវាលើកដាក់កុងតឺន័រនៅចំណត, ទី២៖ ការបញ្ចុះតម្លៃសេវា CIC សម្រាប់ភាពមិនសមតុល្យគ្នារវាងកុងតឺន័រចេញ-ចូល(Container Imbalance Charge) ប្រមាណ ២០ដុល្លារ សម្រាប់កុងតឺន័រប្រភេទ ២០ហ្វីត និងបញ្ចុះតម្លៃ ៤០ដុល្លារ សម្រាប់កុងតឺន័រប្រភេទ៤០ហ្វីត, ទី៣៖ ការបញ្ចុះតម្លៃ OFC នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ (Ocean Freight Charge) ប្រមាណ ៥០% សម្រាប់ការដឹកជញ្ជួនពាក់ព័ន្ធនឹងការនាំចេញអង្ករ ទៅប្រទេសចិន និងទី៤៖ ការមិនគិតថ្លៃតម្លៃសេវា EBC (Emergency Bunker Charge) របស់ក្រុមហ៊ុនមួយចំនួន។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ជារួមមកសរុបការចំណេញពីការបញ្ចុះតម្លៃទាំងអស់របស់វិស័យឯកជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅពេលថ្មីៗនេះ មានប្រមាណ ៣.៣៩ លានដុល្លារអាមេរិក ហើយការចូលរួមរបស់កំពង់ផែស្វយ័តទាំងពីរ របស់យើងនៅក្នុងការបញ្ចុះតម្លៃនេះក៏ចំណេញបានសរុបប្រមាណ ៣.៣៣លានដុល្លារអាមេរិកផងដែរ។ 

លោកបានសង្កត់ធ្ងន់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយកំពង់ផែស្វយ័តទាំងពីរ នឹងខិតខំបន្តការពិភាក្សា ជាមួយបណ្តាក្រុមហ៊ុននាវា លើការបញ្ចុះតម្លៃឡូជីស្ទិកនេះបន្ថែមទៀត និងធ្វើការពិនិត្យតាមដាន ការអនុវត្តរបស់ក្រុមហ៊ុនទាក់ទងនឹងការបញ្ចុះតម្លៃដូច ដែលបានឯកភាពគ្នាកន្លងមក៕