(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅទស្សនាកម្សាន្ត នៅប្រាសាទអង្គរ និងប្រាសាទមួយចំនួនទៀត នៅលើទឹកដីអង្គរខេត្តសៀមរាប។

សូមជម្រាបថា លោកស្រី អោង សានស៊ូជី បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អំឡុងផ្តើមទស្សនកិច្ចកាលពីម្សិលមិញ លោកស្រី អោង សានស៊ូជី បានអញ្ជើញបំពាក់កម្រងផ្ការនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ។ លោកស្រីក៏បានជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ ក្រៅពីនោះ លោកស្រីបានជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ជួបសម្តែងការគួរសម សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា តចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។

នៅយប់ម្សិលមិញនេះ លោកស្រី ក៏នឹងចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថែមទៀត។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី នៅកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា៕