(ភ្នំពេញ)៖ ថ្មីៗនេះ បន្ទាប់ពីមានក្រុមជនទុច្ចរិតមួយចំនួនបានប្រើល្បិចនាំចូលសារធាតុគីមីផ្សំមួយចំនួនពីប្រទេសជិតខាង ដើម្បីប្រើប្រាស់ទៅបង្វែរ និងសំយោគផលិតជាគ្រឿងញៀននោះ មន្ត្រីជំនាញគ្រឿងញៀនកម្ពុជា-ថៃ បានជំរុញឱ្យក្រសួង-ស្ថាប័ន មានសមត្ថកិច្ចត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យរាល់ការស្នើសុំនាំចូល នាំចេញ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំរបស់ក្រុមហ៊ុនសហគ្រាសឯកជនទាំងអស់ ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

ការជំរុញបែបនេះ របស់ឧត្តមសេនីយ៍ឯក ឡាយ គឹមលី នាយកខុទ្ទកាល័យឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងជាអគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ចារ៉េ ប៉ុកប៉ា Jarae Pokpa មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកត្រួតពិនិត្យគ្រឿងញៀននៃស្ថានទូតថៃ ប្រចាំកម្ពុជា នៅព្រលប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យ សារធាតុញៀន និងសារធាតុគីមីផ្សំ» នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឧត្ដមសេនីយ៍ ឯក ឡាយ គឹមលី បានថ្លែងថា ប្រទេសកម្ពុជា មិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ តែជាប្រទេសដែល ទទួលរងគ្រោះពីឥទ្ធិពល នៃការលួចលាក់ចរាចរឆ្លងកាត់ និងកែច្នៃផលិតគ្រឿងញៀនខុសច្បាប់របស់ពួកឧក្រិដ្ឋជន ក៏ដូចជាការបង្វែរសារធាតុគីមី ពីជំនួញស្របច្បាប់យកទៅសំយោគលួចលាក់កែច្នៃផលិតគ្រឿងញៀនខុសច្បាប់។

ឧត្តមសេនីយ៍ ឯក ឡាយ គឹមលី បានថ្លែងបន្តដោយកោតសសើរ និងបានណែនាំដល់សិក្ខាកាម ដែលជាតំណាងមកពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួង-ស្ថាប័ន ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងចេញអាជ្ញាប័ណ្ណ នាំចេញនាំចូល នូវសារធាតុគីមី ឱ្យបន្តយកចិត្តទុកដាក់ត្រួតពិនិត្យរាល់ការស្នើសុំនាំចូល-នាំចេញ ការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំ របស់ក្រុមហ៊ុន សហគ្រាសឯកជនទាំងអស់ ជាពិសេសត្រូវត្រួតពិនិត្យ និងធ្វើអធិការកិច្ចលើបរិមាណប្រើប្រាស់ និងគោលដៅនៃការប្រើប្រាស់ ស្របតាមគោលការណ៍ណែនាំ និងស្នើសុំដែរ ឬទេ។

បន្ថែមពីនេះ ឧត្តមសេនីយ៍ ឯក ក៏បានស្នើសុំឱ្យស្ថាប័នគយដែលមានសមត្ថកិច្ចត្រួតពិនិត្យមុនគេនៅតាមច្រកទ្វារ ត្រូវផ្តោតការយកចិត្តទុកដាក់លើ ការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធនឹងការស្នើសុំរបស់ក្រុមហ៊ុន សហគ្រាស ដែលចេញដោយក្រសួងពាក់ព័ន្ធ រួមមានក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងសុខាភិបាល ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវពិតប្រាកដស្របច្បាប់ ទើបអនុញ្ញាតឱ្យនាំចូលនូវសារធាតុគីមីទាំងអស់នោះ ចូលមកក្នុងប្រទេសកម្ពុជា។

លោក ចារ៉េ ប៉ុកប៉ា បានថ្លែងថា បើគ្មានសារធាតុគីមីផ្សំនោះទេ គឺគ្មានគ្រឿងញៀនដាច់ខាត។ ដូច្នេះ សូមអង្គភាពជំនាញទាំងអស់ត្រូវបន្តសហការគ្នា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតទៅលើការនាំចូល នាំចេញ និងការប្រើប្រាស់សារធាតុគីមីមួយចំនួនដែលអាចយកទៅបង្វែរ និងសំយោគផលិតចេញជាគ្រឿងញៀនខុសច្បាប់ នៅតាមចំណុចគោលដៅរៀងៗខ្លួនបន្ថែមទៀត។

លោកបានបន្តថា បន្ទាប់ពីទទួលបានវគ្គបណ្តុះបណ្តាលដែលមានរយៈពេល២ថ្ងៃរួមមកនេះ សង្ឃឹមថាស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញប្រាកដជាយល់កាន់តែច្បាប់ពីចំណេះជំនាញលើការត្រួតពិនិត្យនូវសារធាតុគីមីផ្សំទាំងឡាយណាដែលអាចបង្វែរ ទៅសំយោគលួចផលិតគ្រឿងញៀនខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ៕