(ពោធិ៍សាត់)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព ស្តង់ដា ISO 9001 : 2015 ជូនវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ ដើម្បីកំណត់នូវស្តង់ដាមួយប្រកបដោយគុណភាព ដែលអាចទទួលយកបានទាំងគុណភាព ផលិតភាពការងារ និងជំនាញ ឈានទៅរកការកាត់បន្ថយនូវភាពក្រីក្រ និងចំណាកស្រុក ព្រមទាំងការបង្កើតមុខរបរមួយពិតប្រាកដ របស់ប្រជាពលរដ្ឋក្នុងសង្គមកម្ពុជា។

លោក ម៉ៅ ធនិន បានថ្លែងនូវការកោតសរសើរដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុងវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែង ផ្ទេរចំណេះដឹង និងបទពិសោធន៍ បង្រៀនដល់កូនក្មួយរបស់យើង។ ជាការពិតណាស់លោកគ្រូ អ្នកគ្រូ គឺជាគ្រួសារគម្រូ ជាពុម្ភ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្ស ប្រកបដោយគុណភាព និងប្រសិទ្ធភាព សម្រាប់ការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន។ លោកបានលើកឡើងទៀតថា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមសូមឲ្យក្មួយៗយកចិត្តទុកដាក់ខ្ពស់ ក្រេបជញ្ជក់នូវចំណេះដឹង និងបទពិសោធន៍ល្អៗ សម្រាប់ធ្វើការអភិវឌ្ឍខ្លួន និងបង្កើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាប្រទេសជាតិ។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន ក៏បានផ្តាំផ្ញើដល់យុវជនទាំងអស់មានតួនាទីជាពុម្ព ជាសសរគ្រឹះជាអ្នកបន្តវេន និងជាទំពាំងស្នងឬស្សី សម្រាប់ការចូលរួមទ្រទ្រង់ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ត្រូវខិតខំកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឲ្យស័ក្តិសមជាអ្នកបន្តវេនដ៏ល្អ តាមរយៈការបណ្តុះនូវវប្បធម៌កតញ្ញូ និងចរឹតជាតិនិយម។

លោកបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីស្តីទីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ បានលើកឡើងថា ការទទួលស្គាល់ការគ្រប់គ្រងគុណភាពអប់រំស្តង់ដាអន្តរជាតិ 9001 2015 ដែលហៅកាត់ថា ISOនេះ គឺជាមោទនភាពមួយរបស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជជីវៈ។ ការទទួលស្គាល់នេះ នឹងឈានទៅរកការទទួលស្គាល់ទាំងគុណភាព ផលិតភាព ប្រសិទ្ធភាព ជាពិសេសគឺសមត្ថភាព មានការកើនឡើង ដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើការផ្តោតសំខាន់លើគុណភាព និងប្រសិទ្ធភាពអប់រំ តាមស្តង់ដាអន្តរជាតិ ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន។ លោកបណ្ឌិតបន្តថា ការអប់រំថ្នាក់បច្ចេកទេសនេះ គឺជាការបណ្តុះបណ្តាលនូវជំនាញមួយដ៏ពិតប្រាកដ អាចបង្កើនទាំងផលិតភាព គុណភាព ប្រសិទ្ធភាព និងបរិមាណលើផលិតផល ដែលធ្វើការផលិតគ្រប់ប្រភេទ ដែលជាគោលដៅចំបងរបស់នយោជក ជាពិសេសគឺជាការជួយកាត់បន្ថយភាពភាពក្រីក្រ អត់ការងារធ្វើ និងបញ្ហាចំណាកស្រុក ទៅបម្រើការងារនៅបរទេសផងដែរ។

គួរបញ្ជាក់ថាឆ្លៀតក្នុងឱកាសនោះ ក៏មានប្រារព្ធពិធីប្រគល់អនុក្រឹត្យ ប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូននាយក នាយករង នៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តពោធិ៍សាត់ ចំនួន៤រូប រួមមាន៖
១-លោក ង៉ែត តាត ជានាយកវិទ្យាស្ថាន
២-លោក តេង ចិន្តា ក្របខ័ណ្ឌ ក.២.៣ ជានាយករងវិទ្យាស្ថាន
៣-លោក តុប ប៉ារី ក្របខ័ណ្ឌ ក.៣.១ ជានាយករងវិទ្យាស្ថាន
៤-លោក ស៊ិន សារិនរិទ្ធា ក្របខ័ណ្ឌ ខ.៣.២ ជានាយករងវិទ្យាស្ថាន៕