(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានជនបរទេស បម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជនជាដាច់ខាត ហើយបើមាននឹងបញ្ឈប់សកម្មភាពភ្លាមជាបន្ទាន់។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៥ បានឲ្យដឹងថា កម្ពុជាមានកម្លាំងពលកម្មច្រើន ដូច្នេះហើយគ្មានហេតុអ្វីដែលត្រូវអនុញ្ញាតឲ្យមានការជ្រើសរើសជនបរទេសមកធ្វើការងារជាភ្នាក់សន្ដិសុខនោះទេ ពោលច្បាប់កម្ពុជាមិនអនុញ្ញាតបែបនេះឡើយ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាមិនអនុញ្ញាតជាដាច់ខាត ចំពោះបណ្ដាសហគ្រាស ឬក្រុមហ៊ុនទាំងឡាយណា ដែលជ្រើសរើសជនជាតិបរទេសឲ្យមកបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជន ហើយបើមានករណីនេះកើតឡើង ត្រូវតែរាយការណ៍ជូននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនជាបន្ទាន់ ដើម្បីមានវិធានការផ្លូវច្បាប់»។

ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនសន្ដិសុខឯកជន មុននឹងបើកដំណើរការអាជីវកម្ម ត្រូវតែសុំច្បាប់អនុញ្ញាតជាមុនសិនពីស្ថាប័នមានសមត្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ធ បើមិនដូច្នេះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ឬទទួលរងពិន័យទៅតាមអ្វីដែលកំណត់ដោយច្បាប់ជាធរមាន។

សូមជម្រាបថា ការចេញមកអះអាងរបស់ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានធ្វើឡើងបន្ទាប់ពីរកឃើញថា មានម្ចាស់សណ្ឋាគារ និងកាស៊ីណូមួយកន្លែងនៅខេត្តព្រះសីហនុ បានជ្រើសរើសក្រុមសន្តិសុខជាជនបរទេសដោយគ្មានច្បាប់ទម្លាប់ ហើយត្រូវកម្លាំងមានសមត្ថកិច្ចកោះហៅម្ចាស់ទីតាំងមកធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពជាបន្ទាន់។

យ៉ាងណាក៏លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា ភ្នាក់ងារសន្ដិសុខឯកជនជាកម្លាំងជំនួយដ៏សំខាន់របស់សមត្ថកិច្ច ហើយពុំមែនមានតួនាទីត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាសគ្រឹះស្ថាននានាប៉ុណ្ណោះទេ តែក៏ជាអ្នកការពារទ្រព្យសម្បត្តិសាធារណៈ សន្ដិសុខសង្គមអាយុជីវិរបស់ប្រជាពលរដ្ឋ និងជាពិសេសកិច្ចសហប្រតិបត្តិការ បង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសនានា និងការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។

លោក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វី ឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទី លើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។

ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ក៏បានលើកទឹកចិត្តឲ្យ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់លើកទឹកចិត្តផងដែរ៕