(កណ្តាល)៖ ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ជាកូន ជាចៅ និងជាឪពុកនៃសព ដែលបានបញ្ចុះនៅទីទួលតាម៉ុកមាត់បឹងអាទាវ ភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បាននាំគ្នាមកតវ៉ាជាមួយក្រុមហ៊ុន និងទាមទារឲ្យអាជ្ញាធរ ភូមិ ឃុំ ស្រុក ជួយទប់ស្កាត់ក្រុមហ៊ុនកុំឲ្យមកទន្រ្ទានលើម៉ុងពួកគាត់ទៀត រួចបាននាំគ្នាទៅដកបង្គោលបេតុងជាច្រើនដើម ដែលពួកគាត់បានអះអាងថា ជាបង្គោលរបស់ក្រុមហ៊ុនលោក ទុយ ប្រាំង មកលួចដាំព័ទ្ធរំលោភយកម៉ុងរបស់ជីដូន ជីតា របស់ពួកគាត់ដែលចំនួន៩ម៉ុងចេញផងដែរ។

រីឯប្រជាពលរដ្ឋមួយចំនួនទៀត ដែលមិនមានកប់ដូនតានៅម៉ុងនោះ ក៏បាននាំគ្នាមកតវ៉ាផងដែរ ដោយចោទប្រកាន់ថា ក្រុមហ៊ុនលួចបោះបង្គោលរំលោភយកដីពួកគាត់ ដោយពួកគាត់មិនដែលបានលក់ដូរនោះទេ។

លោក ស្រូវ គឹមហុង ជាប្រជាពលរដ្ឋរស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ បានប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមហ៊ុន ទុយ ប្រាំង បានជួលកម្មករយកបង្គោលបេតុងមកលួចបោះព័ទ្ធរំលោភយកផ្នូរជីតាក្មេករបស់លោក ដែលបានថែរក្សា និងគោរពបូជា ជាប្រចាំរៀងរាល់ឆ្នាំ ហើយការបោះបង្គោលនេះគេបោះរយះពេល២ថ្ងៃជាប់ៗគ្នាតែម្តង អ្នកដែលមានបញ្ហាក្រុមហ៊ុន រំលោភយកផ្នូរនេះមានចំនួន១៥គ្រួសារ ដែលជាម្ចាស់ដី និងផ្នូរចំនួន៩ផ្នូរ។

លោកបានបន្ត បើតាមឪពុកក្មេកលោកប្រាប់នោះ ដីដែលបញ្ចុះសព្វជីតាក្មេកលោកនេះនោះ គឺឪពុកក្មេកលោកបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្ល៉េះ ប៉ុន្តែដីនៅចំណុចផ្នូរនេះ គឺពុំទាន់អ្នកណាមានប្លង់កាន់កាប់នៅឡើយទេ ដោយសារកាលជំនាញសូរិយោដីចុះមកធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនោះ មិនបានធ្វើដោយសារការកំណត់ដែន រដ្ឋបាលឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវមិនទាន់ច្បាស់លាស់។ ប៉ុន្តែដីនៅចំណុចនេះ ប្រជាពលរដ្ឋភូមិទួលក្រាំង ឃុំក្រាំងយ៉ូវជាអ្នកកាន់កាប់រហូតមក។

លោក ស្រ៊ុន ស្រឿន ជាប្រជាពលរដ្ឋរស់នៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ បានឲ្យដែរថា មានអ្នកផ្សេងមកបោះបង្គោលលើដីគាត់ ដែលមិនទាន់បានលក់ទិញ។ ហើយពេលដែលគាត់មកតវ៉ានោះ ភាគីខាងក្រុមហ៊ុននិយាយថា ការបោះបង្គោលនេះ មិនទាន់យកជាផ្លូវការនៅឡើយទេ ប៉ុន្តែលោកឲ្យដកបង្គោលនោះចេញ តែខាងក្រុមហ៊ុនមិនព្រមដកចេញនោះទេ ដោយនិយាយមកកាន់គាត់វិញថា ដីនោះជាដីរដ្ឋ គេបោះបង្គោលត្រង់ណាក៏បានដែរ។

លោក ស្រ៊ុន ស្រឿន បានបញ្ជាក់ថា ដីនេះអាជ្ញាធរបានចែកជូនលោកកាន់កាប់តាំងពីឆ្នាំ១៩៧៥ មកម្ល៉េះ ដោយគ្រាន់តែអ្នកខ្លះមានប្លង់កាន់កាប់ និងអ្នកខ្លះមិនទាន់មានប្លង់កាន់កាប់។ ចំណែកឯក្រុមហ៊ុន គាត់បានទិញដីពីអ្នកណាទៅយកពីអ្នកហ្នឹងទៅ ព្រោះការទិញលក់ គឺមានម្ចាស់ដីច្បាស់លាស់ កុំមកបោះរំលោភយកដីគាត់បែបនេះ។

លោកបានបន្ថែមថា គាត់មកនេះមកមិនមកដោះស្រាយទេ គឺមកតវ៉ារឿងបោះបង្គោលរំលោភយកដីគាត់ បែរជាភាគីក្រុមហ៊ុនឲ្យគាត់បង្ហាញចុងសន្លឹកកាន់កាប់ ដើម្បីដោះស្រាយគ្នាទៅវិញ។ ក្រុមហ៊ុនទំនងជាទិញដីបឹងពីប្រជាពលរដ្ឋ បែរជាមករំលោភយកដីលើរបស់គាត់ទៅវិញ។

ជាមួយគ្នានោះដែរលោក សឹង ឃន ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំខាងលើបាននិយាយថា ដីដែលក្រុមហ៊ុនបោះបង្គោលរំលោភយកនេះ គឺសូរិយោដី មិនទាន់ចេញប្លង់កម្មសិទ្ធិជូននៅឡើយ ដោយសារកាលពីសូរិយោដីចុះមកធ្វើប្លង់ជូនប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ និងឃុំស្អាងភ្នំនោះ ដីនៅនេះគេមិនទាន់កំណត់ដែនរដ្ឋបាលឃុំក្រាំងយ៉ូវ និងឃុំស្អាងភ្នំនៅឡើយ ប៉ុន្តែប្រជាពលរដ្ឋក្រាំងយ៉ូវជាអ្នកកាន់កាប់ លុះក្រោយមកទើបគេកំណត់ ដែនរដ្ឋបាលឃុំទាំងពីរច្បាស់លាស់ ដោយដីនេះកាត់ចូលទៅឃុំស្អាងភ្នំភាគច្រើន។ លោកធ្លាប់ស្នើទៅអាជ្ញាធរឃុំក្រាំងយ៉ូវ ឲ្យជួយអន្តរាគមន៍ទៅថ្នាក់ខេត្តជួយ សម្រួលចុះទៅធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ ព្រោះដែនរដ្ឋបាលបានកំណត់រួចរាល់អស់ហើយ។
ប៉ុន្តែអាជ្ញាធរបានតបមកគាត់វិញថា ចាំលោកទាក់ទងឲ្យប៉ុន្តែការទន្ទឹងរង់ចាំនេះរយះពេលច្រើនខែឆ្នាំមកហើយ ពុំបានលទ្ធផលនៅឡើយ។ នេះជាការអះអាង របស់លោក សឹង ឃន។

លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដីនគររូបណីយកម្ម និងសំណង់ បានប្រាប់អ្នកយកព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀល ថ្ងៃទី៣០ខែមេសា ឆ្នាំ២០១៩ នេះថា ប្រភេទដីបញ្ចុះសព្វរួមភូមិ ឬរួមឃុំនោះ ដែលគេចុះបញ្ជីរួចរាល់ គឺគ្មានបុគ្គល់ណារំលោភបំពានបានទេ។ ប៉ុន្តែបើដីជាលក្ខណៈ ដីឯកជនរួមគ្រួសារមួយ បើចង់ដោះដូរទាល់តែបងប្អូនសាច់ញាតិនៃសព ដែលបញ្ចុះរួចនោះឯកភាពគ្នាគាស់សពសាច់ញាតិ ទៅតម្កល់ទីតាំងផ្សេង ទើបដីនោះក្លាយជាដីគេអាចលក់ដូរបាន។

លោកបានបន្តថា ដីដែលបានបញ្ចុះសព្វរួចរាល់ហើយនោះ ទោះបីដីនោះគេមិនទាន់ បានចុះបញ្ជីស្នាមក៏ដោយបើពុំមានការឯកភាពពីភាពពីក្រុមគ្រួសារ គឺគ្មានជនណាម្នាក់អាចមកបំពានបំពានបានទេ ព្រោះក្នុងច្បាប់គេបានចែងថា ទីបញ្ចុះសពគឺជាទីស្មសាន។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើ លោកស្រី ទុយ ប្រាំង អ្នកបោះបង្គោល បានប្រាប់ឲ្យដឹងដែរថា លោកស្រីទិញដីប្រជាពលរដ្ឋ ដែលមានឯកសារទិញលក់ត្រឹមត្រូវ។
ចំពោះការប៉ះពាល់ទៅលើដីបញ្ចុះសព្វ របស់ប្រជាពលរដ្ឋនៅភូមិទួលក្រាំង ឃុំក្រាំងយ៉ូវ លោកស្រីថាមិនមានទេ ព្រោះលោកស្រីទិញតែដីប្រជាពលរដ្ឋស្អាងភ្នំទេ។

លោកស្រីថា ទីបញ្ចុះសពឬ ផ្នូរនោះលោកស្រីមិនប៉ះពាល់ជាដាច់ខាត លោកស្រីបោះបង្គោលនេះ គឺលោកស្រីបោះកាត់ឃ្វៀលដីបញ្ចុះសព្វចេញ។ កុំថាឡើយដីផ្នូរ ទោះបីដីប្រជាពលរដ្ឋដែលលោកស្រីពុំទាន់បានទិញ ក៏លោកស្រីមិនប៉ះពាល់ដែរ៕