(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយកិច្ចសម្រួលពាណិជ្ជកម្ម និងចំណាត់ថ្នាក់ស្តីពីភាពងាយស្រួលក្នុងការធ្វើធុរកិច្ចរបស់កម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ខណៈពិភពលោកកំពុងតែធ្វើដំណើរឆ្ពោះទៅចាប់យកកាលានុវត្តភាពពីឧស្សាហកម្មជំនាន់ទី៤។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយ លោក ចាស្ទីន វូដ (Justin Wood) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិនៃមូលនិធិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីស្តីការក្រសួង នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីស្វែងរកកិច្ចសហការបន្ថែមរវាងស្ថាប័នទាំងពីរ ទាក់ទងនឹងកិច្ចសម្រួលពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ លោក ចាស្ទីន វូដ បានជម្រាបជូនអំពីគម្រោង Digital ASEAN និង E-Payment ដែលផ្តួចផ្តើមបង្កើតដោយមូលនិធិ WEF និងបានស្នើសុំទស្សនៈ និងការចូលរួមរបស់ លោករដ្ឋមន្ត្រី ដើម្បីអនុវត្តន៍គម្រោងទាំងអស់នេះ សំដៅចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងជំរុញកិច្ចសម្រួលពាណិជ្ជកម្ម នៅតាមបណ្តារដ្ឋជាសមាជិកអាស៊ាន។

ជាការឆ្លើយតបលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការគាំទ្រចំពោះគម្រោងរបស់មូលនិធិ WEF និងបានថ្លែងអំណរគុណ លោក ចាស្ទីន វូដ ដែលបានផ្តល់កិច្ចសហការល្អដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៧ ប្រកបដោយជោគជ័យ ដែលបានរួមចំណែកទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរយ៉ាងច្រើនឱ្យចូលមកទស្សនា និងធ្វើធុរកិច្ចជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំយកបច្ចេកវិទ្យាឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម ៤.០ ដើម្បីបង្កើនគណនេយ្យភាព និងតម្លាភាពនៃការផ្តល់សេវាសាធារណៈ ព្រមទាំងអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លើសពីនេះលោករដ្ឋមន្ត្រី ក៏បានស្នើ លោក ចាស្ទីន វូដ បន្តសហការ និងគាំទ្រកម្ពុជា ក្នុងការចូលរួមវេទិកាជំនួបធុរកិច្ច និងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ដើម្បីលើកស្ទួយកិត្តិនាមរបស់ព្រះរាណាចក្រកម្ពុជា ឱ្យកាន់តែល្បីរន្ទឺថែមទៀត។

គួររំលឹកដែរថា កាលពីខែកញ្ញា ឆ្នាំ២០១៨ នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក លើកទី២៧ ស្តីពីអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទួលជួបពិភាក្សាជាមួយបណ្ឌិត Klaus Schwab ដែលជាស្ថាបនិកមូលនិធិ WEF ដើម្បីផ្លាស់ប្តូរទស្សនៈមួយចំនួន ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។ ក្នុងនោះសម្តេចតេជោបានគូសបញ្ជាក់ថា «កម្ពុជា និងអាស៊ានគួរតែផ្តោតការយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រ»