(កែប)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងថា នៅឆ្នាំ២០២០ កម្ពុជា រំពឹងនឹងទទួល បានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិ ប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ប្រមាណជិត១លាននាក់។​

ការលើកឡើងយ៉ាងដូច្នេះ របស់មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញបើកសិក្ខាសាលា ស្តីពី ការបង្ការទប់ស្កាត់ ការរីករាលដាល នៃមេរោគអេដស៍ /ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍ ដែលរៀបចំធ្វើឡើងនៅខេត្តកែប នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោក ហោ សារុន បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិ ចំនួនជាង១លាននាក់ កើនឡើង៩,៣% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ហើយជា ចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជា រំពឹងនឹងទទួល បានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិ ប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារផ្ទាល់ប្រមាណជិត១លាននាក់»។

លោកថា ផ្តើមចេញពីយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ១៩៩៨ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កម្ពុជា ទទួលបានសុខ សន្តិភាព ស្ថេរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមពេញផ្ទៃប្រទេស ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ចូលរួមកាត់បន្ថយភាពក្រីក្រ ក្នុងប្រទេស និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាមធ្យម៧,៧%ប្រចាំឆ្នាំ។

ជាមួយគ្នានោះ មន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានគូសបញ្ជាក់ថា កំណើននេះ ធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលអភិវឌ្ឍពីប្រទេស ដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

លោក ហោ សារុន បានឲ្យដឹងថា ក្រោមការផ្សព្វផ្សាយ «កម្ពុជា ៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់នូវភាពកក់ក្ដៅ» (Cambodia : Kingdom of Wonder-Feel the warmth) និងការដាក់ចេញ នូវចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ក្នុងឆ្នាំ២០១៨។

កម្ពុជា ទទួលបានចំណូលពីទេសចរណ៍ ចំនួន៤,៣៧៥លានដុល្លារ បានបង្កើតការងារដោយផ្ទាល់៦២ម៉ឺននាក់ ដោយទទួលបាន ទេសចរអន្តរជាតិចំនួន៦,២០១,០៧៧នាក់ កើន១០.៧% ក្នុងនោះ តំបន់ភ្នំពេញ ទទួលបានទេសចរ ចំនួន៣,៦១០,២៦២នាក់ តំបន់សៀមរាបអង្គរមានចំនួន ២,៥៩០,៨១៥នាក់ តំបន់អេកូទេសចរណ៍ចំនួន ៧៥,០៩៥នាក់ និងតំបន់ឆ្នេរ ចំនួន៨៧៧,២៣៦នាក់។

លោកបានថ្លែងបញ្ជាក់ទៀតថា
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលពី សំណាក់លោក លោកស្រី ជាប្រតិបត្តិករ និងលោក លោកស្រីដែលជាអ្នកធ្វើការក្នុង សេវាកម្មកម្សាន្តទេសចរណ៍នាពេលនេះ គឺជាកំលាំងចលករដ៏មានប្រសិទ្ធភាពមួយ បន្ថែមទៀត ក្នុងការចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិ-បាល ដូចជាគោលដៅសូន្យបី គឺ “គ្មានការឆ្លងជំងឺអេដស៍ថ្មី” “គ្មានការរើសអើង ទៅលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍” និង ”គ្មានការស្លាប់ដោយសារ អេដស៍” នៅត្រឹមឆ្នាំ២០២៥ ដោយត្រៀមនូវគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥៕