(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានជំរុញឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ ត្រូវពង្រឹងលើការយកចិត្តទុកដាក់ គោរពលក្ខ័ណ្ឌការងារចំពោះកម្មករ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្តោតសំខាន់លើបញ្ហាសុខភាព អនាម័យ និងសេវាសុខាភិបាលផ្សេងៗ ដើម្បីដោះស្រាយ តម្រូវរបស់ពួកគាត់។

ការជំរុញរបស់លោក សុខ លូ បានធ្វើឡើងក្នុងឱកាសដែលលោក ចុះសួរសុខទុក្ខកម្មករ-កម្មការនី ដែលធ្វើការងារនៅតំបន់ចំការកៅស៊ូ ចំនួន៥០០នាក់ ក្នុងក្រុមហ៊ុនចំនួន៤គឺ ក្រុមហ៊ុន តាន់បៀន, ក្រុមហ៊ុន ភឿកហ្វា, ក្រុមហ៊ុនបារៀរ៍, និងក្រុមហ៊ុនហ្គោលហ្វ័លសុន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក សុខ លូ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន រួចមកលោកបានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការគ្រប់គ្រងធ្វើបណ្ណ និងសៀភៅការងារជាពិសេសនោះ ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលផងដែរ។

លោក សុខ លូ បានបន្តថា លក្ខខណ្ឌទាំងនេះ រាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គម ដែលធ្វើការចំនួន២ជំហានរួចមកហើយ រួមមាន៖

ជំហានទី១៖ គឺរបបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈ ដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីការ និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនយោជក ហើយមិនតម្រូវឲ្យកាត់ប្រាក់ ឈ្នួលពីនយោជិកនោះឡើយ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨មកម្លេះ។

ជំហានទី២៖ ផ្នែកធានារ៉ាប់រងថែទាំសុខភាព សំណៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែរទាំវេជ្ជសាស្ត្រ សេវាបង្កាសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ និងមានការសាងសង់នូវសាលារៀន មន្ទីរពេទ្យ ផ្ទះស្នាក់នៅ ដោយមានទឹកភ្លើង សម្រាប់ប្រើប្រាស់ផងដែរ ។

លោក សុខ លូ ក៏បានដាស់តឿនដល់កម្មករទាំងអស់ ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ហើយបើសិនជាមានបងប្អូនណាប្រើប្រាស់គ្រឿងញៀន ត្រូវរាយការណ៍មកសមត្ថកិច្ចជាបន្ទាន់ ដើម្បីឲ្យសមត្ថកិច្ចយកគាត់ទៅបាន បន្សាបគ្រឿងញៀន ហើយធ្វើយ៉ាងណានោះ គឺខិតខំឲ្យក្លាយជាកម្មករជំនាញ ដើម្បីក្លាយជាម្ចាស់ដោយខ្លួនឯង និងការគោរពច្បាប់ចរាចរណ៍ ហើយពិសេសទៀតនោះ គឺត្រូវចាយវាយថវិការបស់ខ្លួនឲ្យចំគោលដៅ ។

បើតាមលោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ធំ បានលើកឡើងថា ចំនួនសហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តកំពង់ធំ សរុបចំនួន៣៨២សហគ្រាស គ្រឹះស្ថានមានកម្មករនិយោជិក
សរុបចំនួន១០,៧២៦នាក់ ស្រី៣,៥១៧នាក់៕