(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់បានជំរុញឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនក្នុងស្រុកបង្កើនការចិញ្ចឹមជ្រូក ដើម្បីបំពេញតម្រូវការទីផ្សារនៅកម្ពុជា បន្ទាប់ពីកម្ពុជាបានឲ្យផ្អាកមិនឲ្យនាំចូលជ្រូកពីបណ្ដាប្រទេសជិតខាង ដើម្បីចៀសការឆ្លងជំងឺប៉េស្តជ្រូកអាហ្រ្វិក។

ការជំរុញលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសលោក វេង សាខុន ជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Robert Pope នាយកអង្គការ Defense Threat Reduction Agency (DTRA) ដើម្បីស្វែងយល់ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវិស័យកសិកម្ម ដោយឡែកអនុវិស័យផលិតកម្មសត្វ និងសុខភាពសត្វដែល DTRA កំពុងជួយលើអនុវិស័យនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីចៀសវាងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺនេះ [ជំងឺប៉េស្តជ្រូកអាហ្រ្វិក] មកលើផលិតកម្មជ្រូកនៅកម្ពុជា ក្រសួងបានផ្អាតការអនុញ្ញាតឲ្យនាំជ្រូកចូលពីប្រទេសដែលកំពុងកើតជំងឺនេះ។ ព្រមជាមួយគ្នានេះ ក្រសួងបានជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន ឬកសិករងាកមកចិញ្ចឹមជ្រូកក្នុងស្រុក ដើម្បីបំពេញតម្រូវការទីផ្សារ»

លោករដ្ឋមន្រ្តីក្រសួងកសិកម្មបានសំដែងការ អរគុណចំពោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាននិងកំពុងជួយគាំទ្រ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោងនានាពាក់ព័ន្ធវិស័យកសិកម្ម។

លោកសង្ឃឹមថា ប្រទេសជាដៃគូ និងដៃគូអភិវឌ្ឍនានានឹងបន្តរួមគ្នាទប់ស្កាត់អំពី បញ្ហានៃជំងឺនេះឲ្យខាងតែបានទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។

ក្នុងនោះអង្គការ DTRA កំពុងសហការអនុវត្តគម្រោងមួយចំនួនជាមួយ អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វដូចជា៖ ការការពារសុខភាពសត្វ និងជំងឺឆ្លងសត្វទាក់ទងនឹងជំងឺប៉េស្តជ្រូកអាហ្រ្វិក។

លោកបណ្ឌិត Robert Pope បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួង ក៏ដូចជាអគ្គនាយកដ្ឋានលិតកម្មសត្វ និងសុខភាពសត្វសម្រេចបាន ក្នុងរយៈពេលកន្លងមក ជាពិសេសបានដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកបានថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយក្រុមការងារនៃអង្គការ DTRA។

លោកបន្ថែមថា មានការងារជាច្រើនដែលត្រូវអនុវត្តរួមគ្នា ដើម្បីធ្វើឲ្យសម្រេចបាននូវគោលបំណង សំខាន់៤យ៉ាងរួមមាន៖ ១៖ អភិវឌ្ឍធនធានមនុស្ស, ទី២៖ ការងារស្រាវជ្រាវ ៣៖ ការធ្វើឲ្យប្រសើរ និងលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងទី៤៖ ការងារតាមដានជំងឺឆ្លងសត្វក្នុងតំបន់ ដែលកម្មវត្ថុទាំងអស់នេះស្ថិត ក្នុងផែនការនៃគម្រោងដែលត្រូវជួយមកកម្ពុជា សម្រាប់រយៈពេល៦ឆ្នាំពីឆ្នាំ២០១៩ដល់ឆ្នាំ២០២៥។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណជាថ្មី ដល់អង្គការ DTRA និងសង្ឃឹមនិងជឿជាក់ថា អង្គការនេះនឹងបន្តជួយគាំទ្រ ដល់អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ ក្នុងទប់ស្កាត់ជំងឺឆ្លងសត្វគ្រប់ប្រភេទ ដើម្បីជួយលើកកម្ពស់ផលិតកម្មសត្វ និងសុខភាពសត្វនៅកម្ពុជាឲ្យបានកាន់តែល្អប្រសើរ៕