(កំពង់ធំ)៖ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវលំក្រាលគ្រួសក្រហម ប្រវែងជាង៤,៥០០ម៉ែត នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអភិបាលក្រុងស្ទឹងសែន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍មូលនិធិឃុំសង្កាត់ គឺបានរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលមានសារសំខាន់ ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដើម្បីបង្កើន នូវភាពងាយស្រួល ក្នុងការដឹកជញ្ជូននូវកសិកផល ការធ្វើដំណើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្ខិតទីជនបទឲ្យមកគៀក និងទីប្រជុំជន។

ក្នុងឱកាសនោះផងដែរ លោក អភិបាលក្រុង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួល និងអាស្រ័យផលប្រើប្រាស់ផ្លូវ សូមជួយថែរក្សាប្រព័ន្ធផ្លូវទាំងអស់គ្នា។ លើសពីនេះទៀត លោកបានក្រើនរំឮក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងធ្វើការណែនាំកូនចៅ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន

លោក ម៉ាក់ ប៊ុនហុង បានបញ្ជាក់ថា ជាពិសេសគឺចូលរួមថែរក្សានូវសន្តិសុខសណ្តាប់ធ្នាប់ តាមរយៈការផ្តល់នូវដំណឹងទៅកាន់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីសង្ស័យថា មានសកម្មភាពណាមួយមិនប្រក្រតី ដែលមាននៅក្នុងភូមិ-ឃុំ របស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ផ្លូវដែលនឹងធ្វើការសាងសង់ខាងមុខនេះ មាន២ខ្សែរ គឺខ្សែរទី១៖ មានប្រវែង ១,០៨០ម៉ែត ទទឹង៤ម៉ែត នៅភូមិស្រយ៉ូវជើង និងភូមិប៉ូសែនស្នាយ និងខ្សែរទី២៖ មានប្រវែង ៣,៤៤០ម៉ែត ទទឹង៤.៥ម៉ែត នៅភូមិស្រយ៉ូវជើង ស្រយ៉ូវត្បូង និងភូមិប្រម៉ាត់ដី៕