(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៦គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះ កាលពីល្ងាចថ្ងៃទី២៨ ខែមេសា នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពិធីនេះស្ថិតក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមបីក្រុមការងារជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនោះលោក ពឹង ទ្រីដា បានសំដែងនូវការចូលរួមសោកស្តាយជាមួយបងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយ សារខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ រួមមាន៖ រលំផ្ទះនាពេលនេះ និងបានផ្តាំផ្ញើសូមឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នជានិច្ច នៅពេលភ្លៀងផ្គរន្ទះ ត្រូវរកកន្លែងមានសុវត្ថិភាព ហើយត្រូវបិទទូរស័ព្ទ ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូននៅពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ តង់១ សារុង១ ក្រមា១ ភួយ១ មុង១ មុងសុវត្ថិភាព១ ថវិកា ២០០,០០០ រៀល៕