(ភ្នំពេញ)៖ ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម របស់សហរដ្ឋអាមេរិក បានប្រកាសអំពីការសាងសង់ ជលវប្បដ្ឋានត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោកមួយ នៅលើផ្ទៃដី១០០ហិកតា ក្នុងខេត្តសៀមរាប ក្រោមទុនវិនិយោគ ៧០លានដុល្លារអាមេរិក។ ដំណាក់កាលទី១ នៃគម្រោងអភិវឌ្ឍន៍នឹងចាប់ផ្ដើមក្នុងខែឧសភា ឆ្នាំ២០១៩ ហើយគ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម ត្រូវបានបង្កើតឡើងក្នុងទម្រង់ជាដៃគូរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន ក្រោមកិច្ចសហការជាមួយ ICM Inc. (International Concept Management Inc.) ពីសហរដ្ឋអាមេរិក ដែលរៀបចំរចនាប្លង់ គ្រប់គ្រងគម្រោង និងប្រតិបត្តិជលវប្បដ្ឋាន និងឧទ្យានសមុទ្រនៅទូទាំងពិភពលោក។ ពីមុន ICM បានចាប់ដៃគូជាមួយនឹង Disney (ឌីនី), the San Francisco Academy of Sciences (បណ្ឌិត្យសភាវិទ្យាសាស្ត្រសាន់ហ្វ្រាន់ស៊ីស្កូ), the Baltimore Aquarium (ជលវប្បដ្ឋានបាលទីមល), the Osaka Aquarium (ជលវប្បដ្ឋានអូសាកា), Xcaret Park (ជលវប្បដ្ឋានអិចស្ការេត) នៅម៉ិកស៊ីកូ និង Loro Park (ឧទ្យានឡូរូ) នៃកោះកាណារី Canary Islands ជាដើម។

គម្រោងក្រោមភាពជាដៃគូនេះ មានបំណងវិនិយោគទឹកប្រាក់ ៧០លានដុល្លារសហរដ្ឋអាមេរិក នៅក្នុង៣ដំណាក់កាល ដែលដំណាក់កាលទី១ នឹងចំណាយទឹកប្រាក់១៨លានដុល្លារសហរដ្ឋអាមេរិក ខណៈដែល (ដំណាក់កាលទីII) បន្ថែមភាពទាក់ទាញ ដោយបង្កើតនូវ សួនរុក្ខសាស្រ្ត សាលតាំងពិព័រណ៍ ជម្រកល្មូន និងចុងបញ្ចប់ គឺការអភិវឌ្ឍសណ្ឋាគារលំដាប់ពិភពលោក (ដំណាក់កាលទី III) ក្នុងបំណងធ្វើឲ្យជលវប្បដ្ឋានក្រុងអង្គរ និងអាណាចក្រជម្រកសត្វ (Angkor Aquarium & Animal Kingdom) ក្លាយជាគោលដៅបង្កើននូវការស្នាក់នៅក្រុងសៀមរាបបានយូរថ្ងៃផងដែរ។

លោក Roger R. Reynolds ប្រធានក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម និងជាស្ថាបនិករបស់ ICM បានថ្លែងថា ត្រឹមតែដំណាក់កាលទីមួយប៉ុណ្ណោះ ការបង្កើតភាពទាក់ទាញថ្មី នឹងធ្វើឲ្យមានសក្ដានុពលជំរុញឲ្យភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប បន្តការស្នាក់នៅជាមធ្យមពាក់កណ្ដាលថ្ងៃទៅហើយ។

លោកថ្លែងថា៖ «យោងតាមការពិភាក្សាដំបូងបំផុតរបស់ខ្ញុំជាមួយលោក ម៉េង ហៀង ពួកយើងទាំងពីរយល់ស្របគ្នាថា មានលទ្ធភាពអស្ចារ្យគួរជាទីរំភើបក្នុងការនាំមកនូវមជ្ឈមណ្ឌល ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងព្រមទាំងជម្រកអភិរក្សសត្វ ក្នុងការម្រើនូវសេចក្តីតម្រូវការ និងការសិក្សាអប់រំ ដល់ប្រជាជនក្នុងមូលដ្ឋាន និងភ្ញៀវទេសចរអន្តរជាតិដែលទស្សនាខេត្តសៀមរាប»

លោក Michael Newbill ឯកអគ្គរដ្ឋទូតស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា គម្រោងនេះជាគម្រោងមួយ ក្នុងចំណោមការវិនិយោគធំជាងគេរបស់អាមេរិកនៅកម្ពុជា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយនេះគឺជាអ្វីដែលត្រូវអបអរ និងទទួលស្គាល់។ ម្យ៉ាងដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នឹងក្លាយជាគោលដៅទេសចរថ្នាក់ពិភពលោក ដោយមានអ្នកឯកទេសរបស់ក្រុមហ៊ុន ICM ដែលជាក្រុមហ៊ុនឯកទេសនាំមុខគេផ្នែកជលវប្បកម្ម ដែលត្រូវអរគុណចំពោះរឿងនេះ។

លោកបន្តថា «ខ្ញុំដឹងថា គម្រោង Angkor Wildlife & Aquarium គឺជាវិធីដ៏ប្រពៃមួយសម្រាប់ឲ្យក្រុមគ្រួសារ ចំណាយពេលវេលាជាមួយគ្នា នៅទឹកដីសៀមរាប។ ថ្វីបើមនុស្សពេញវ័យ ហាក់គ្មានការនឿយណាយនឹងទស្សនានូវភាពអស្ចារ្យនៃតំបន់ប្រាសាទអង្គរក្តី តែពេលខ្លះ កូនៗរបស់យើងមានភាពធុញទ្រាន់។ ជលវប្បដ្ឋាននេះ នឹងបន្ថែមនូវបទពិសោធន៍សម្រាប់គ្រួសារ ចូលទៅក្នុងបញ្ជីនៃគោលដៅដែល «ត្រូវទៅមើល» នៅខេត្តសៀមរាប ហើយវាជាកន្លែងមួយដែលខ្ញុំរីករាយនឹងនាំកូនប្រុស ២នាក់របស់ខ្ញុំ ទៅមើលផងដែរ។ ជារួមវានឹងលើកទឹកចិត្តឲ្យអ្នកទេសចរស្នាក់នៅរយៈពេលយូរ ហើយបង្កើនចំណូលទេសចរណ៍»

ឯកអគ្គរដ្ឋទូតស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងទៀតថា «ចំណុចចុងក្រោយ ក្នុងនាមជាអ្នកការទូតអាមេរិកម្នាក់ ខ្ញុំមានក្តីរំភើប ពីព្រោះនៅពេលខ្ញុំនិយាយពីការវិនិយោគរបស់ប្រទេសអាមេរិក ខ្ញុំមិនមែនសំដៅតែទៅលើលុយតែមួយមុខនោះទេ។ លើសពីលុយទៅទៀតនោះ គម្រោងនេះ តំណាងឲ្យការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជាមួយ ដែលមានសុខុមាលភាព វិបុលភាព ប្រជាធិបតេយ្យ និងសន្តិសុខ។ ក្រុមហ៊ុនអាមេរិកឲ្យតម្លៃលើគុណភាព និងតម្លាភាព»