(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារពិភពលោក (WB) នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពី ការងើបឡើងវិញរបស់អាស៊ីបូព៌ា៖ ដំណើរបត់បែនក្នុងពិភពលោកដែលផ្លាស់ប្តូរ «Resurgent East Asia: Navigating a Changing World» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិក្ខាសាលានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបណ្ឌិត Andrew D. Mason ប្រធានសេដ្ឋវិទូស្តីទី នៃធនាគារពិភពលោក ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើននាក់។

គួរបញ្ជាក់ដែរថា បណ្ឌិត Andrew D. Mason គឺជាសេដ្ឋវិទូដ៏ល្បីល្បាញមួយរូប ហើយលោកបានធ្វើការសិក្សា និងសរសេរសៀវភៅលើប្រធានបទជាច្រើន។ បណ្ឌិត Andrew D. Mason ធ្លាប់ធ្វើជាសាស្រ្តចារ្យនៅតាមសកលវិទ្យាល័យល្បីៗ របស់អាមេរិកផងដែរ។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ និងចែករំលែកអំពីការសិក្សាស្រាវជ្រាវថ្មី របស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងសមិទ្ធិកម្មសេដ្ឋកិច្ច, កត្តាប្រឈម, និន្នាការទៅថ្ងៃមុខ, និងចលនការថ្មីៗរបស់តំបន់អាស៊ីខាងកើតដែលកំពុងស្ថិតនៅក្នុង ពិភពលោកមួយដែលកំពុងមានការផ្លាស់ប្តូរ ព្រមទាំងផលប៉ះពាល់មកលើការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

បណ្ឌិត Andrew D. Mason បានធ្វើបទបង្ហាញសង្ខេបពាក់ព័ន្ធនឹងរបាយការណ៍នៃការសិក្សាខាងលើនេះដោយបានគូសបញ្ជាក់ថា ជារួម កិច្ចអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ាទាំងមូល រួមទាំងប្រទេស កម្ពុជាផង នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ សម្រេចបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងការកើនឡើងនៃប្រជាជនមានប្រាក់ចំណូលមធ្យម ព្រមទាំងបានពង្រឹងមូលដ្ឋានសេដ្ឋកិច្ចនៅក្នុងតំបន់ឱ្យកាន់តែរឹងមាំ។

ប្រការនេះបានធ្វើឱ្យតំបន់អាស៊ីបូព៌ាសម្រេច បាននូវកំណើនយ៉ាងឆាប់រហ័សជាងតំបន់ដ៏ដៃទៀត។ លើសនេះទៀត រដ្ឋបាលសាធារណៈនៅក្នុងតំបន់អាស៊ីបូព៌ាក៏កាន់តែមានប្រសិទ្ធភាព ជាងមុនផងដែរ។ ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្តី តំបន់អាស៊ីបូព៌ានៅមានសក្តានុពលថែមទៀត ក្នុងការបង្កើននៃចំណូល, ការលើកកម្ពស់ផលិតភាព, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីជំរុញសន្ទុះនៃកំណើននេះឱ្យកាន់លឿនថែមទៀត។

បណ្ឌិត Andrew D. Mason បានបន្តថា បរិការណ៍ក្នុងពេលបច្ចុប្បន្ន និងតទៅថ្ងៃមុខទៀត គឺមិនដូចគ្នាទៅនឹងរយៈពេល ២៥ ឆ្នាំកន្លងមកនោះទៀតទេ។ ក្នុងន័យនេះ នៅក្នុងដំណើរឆ្ពោះទៅមុខ, តំបន់អាស៊ីបូព៌ានឹងត្រូវប្រឈមនឹងបញ្ហាមួយចំនួន ស្របទៅតាមការផ្លាស់ប្តូរនៃបរិបទរបស់ពិភពលោក ដែលក្នុងនោះ រួមមាន៖ ១.កំណើនផលិតភាពយឺត ដោយសារកំណើននៃពាណិជ្ជកម្មពិភពលោកថមថយ ពិសេសលើទំនិញ និងការរឹតបន្តឹងពាណិជ្ជកម្មលើផ្នែកសេវាកម្មនៅក្នុងតំបន់នៅបន្តមានវត្តមាននៅឡើយ, ២.ការកើនឡើងនូវហានិភ័យនៃការធ្លាក់ចុះកម្រិតបរិយាប័ន្នក្នុងកំណើនសេដ្ឋកិច្ច, និង ៣.ការកើនឡើងនៃតម្រូវការមកលើស្ថាប័នសាធារណៈ។

ដើម្បីអាចជំនះបាននូវបញ្ហាប្រឈមទាំងនេះផង និងដើម្បីអាចទទួលបានកំណើនប្រកបដោយចីរភាពក្នុងរយៈពេលខាងមុខផង, បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា ទាំងមូលត្រូវកែសម្រួល ម៉ូដែលនៃការអភិវឌ្ឍចាស់ប្រពៃណីរបស់ខ្លួន ឱ្យស្របទៅតាមបរិបទថ្មីរបស់ពិភពលោក ដោយផ្តោតលើអាទិភាពគោលនយោបាយទាំងចាស់ និងថ្មីលើវិស័យគន្លឹះចំនួន ០៥ ដែលរួមមាន៖ ១.ការលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ២.ការអភិវឌ្ឍជំនាញ ៣.លើកកម្ពស់បរិយាប័ន្ត ៤.ការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និង៥.ការធ្វើហិរញ្ញប្បទានសម្រាប់ការឈានឡើង ទៅកាន់ឋានៈជាប្រទេសចំណូលខ្ពស់។

លោក វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងបានសំដែងនូវអំណរគុណដល់ធនាគារពិភពលោក ជាពិសេសបណ្ឌិត Andrew D. Mason ដោយផ្ទាល់ដែលបានចែករំលែកនូវលទ្ធផលនៃការសិក្សា ក៏ដូចជាអនុសាសន៍គោលនយោបាយល្អៗមួយចំនួន ដែលមានសារៈប្រយោជន៍ដល់បណ្តាប្រទេសក្នុងតំបន់ ប្រើប្រាស់ជាមូលដ្ឋានសម្រាប់តម្រង់ទិសការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៅក្នុងប្រទេសរបស់ខ្លួន។

លោកក៏បានគូសបញ្ជាក់ផងដែរថា ជារួមយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា គឺស្ថិតនៅលើខ្សែរបន្ទាត់តែមួយជាមួយពិភពលោក និងតំបន់ ហើយអាទិភាពគោលនយោបាយទាំងនេះ គឺបានបញ្ជូលរួចហើយនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការសម្របខ្លួនទៅនឹងបញ្ហាប្រឈមដែលបានរៀបរាប់ខាងលើ។ ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ម៉ូដែលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលកន្លងនឹងមិនដូចគ្នាទៅនឹងរយៈពេល២៥ឆ្នាំ ទៅមុខទៀតទេ ដោយសារការផ្លាស់ប្តូរបរិបទពិភពលោក ដែលនេះតម្រូវឱ្យមានការគិតគូរសាជាថ្មី។

លោកបានបន្តថា អាទិភាពគន្លឹះសម្រាប់ការអភិវឌ្ឍកម្ពុជានៅក្នុងរយៈពេល ២៥ ឆ្នាំខាងមុខទៀត គឺការកែទម្រង់រដ្ឋបាលសាធារណៈ សំដៅធ្វើឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែស្អាតស្អំ ឆ្លាតវៃ និងមានសមត្ថភាពខ្លាំងពូកែ និងការបន្តអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពជំនាញ។ ដោយឡែក ពាក់ព័ន្ធលទ្ធភាពនៃការបង្កើនការប្រមូលចំណូលថវិកាជាតិវិញរបស់បណ្តាប្រទេសក្នុងតំបន់, ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា គឺអត្រានៃការប្រមូលចំណូលសារពើពន្ធធៀបនឹង ផសស គឺមានកម្រិតប្រហាក់ប្រហែលនឹងប្រទេសក្នុងតំបន់ហើយ។
អង្គសិក្ខាសាលាក៏មានបើកកិច្ចពិភាក្សាសំណួរ-ចម្លើយ និងការលើកជាមតិយោបល់ផ្សេងៗ ពាក់ព័ន្ធនឹងរបាយការណ៍របស់ធនាគារពិភពលោកយ៉ាងផុលផុស ជាពិសេសពាក់ព័ន្ធ នឹងជម្រើសនៃអាទិភាពគោលនយោបាយមួយចំនួនផងដែរ៕