(ភ្នំពេញ)៖ នៅម៉ោងប្រមាណ១០៖២០នាទីព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ជំនួបពិភាក្សាទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​ ជាមួយលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា បានបញ្ចប់ដោយជោគជ័យ នៅវិមានសន្តិភាព។

បន្ទា​ប់ពីបញ្ចប់ជំនួបជាមួយសម្តេចតេជោ, លោកស្រី អោង សានស៊ូជី នឹងអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅពេលរសៀលថ្ងៃដដែលនេះ លោកស្រី នឹងអញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បន្ទាប់មកលោកស្រីទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។

នៅរាត្រីថ្ងៃនេះ ក៏មានការរៀបចំពិធីលាងសាយភោជទទួលដំណើរទស្សនកិច្ចរបស់លោកស្រីនៅលើទឹកដីកម្ពុជា ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ផងដែរនៅវិមានសន្តិភាព។

ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិដ៏ល្បាញល្បីរបស់កម្ពុជា ក៏ជាទីកន្លែងដែលអន្ទងដួងចិត្តលោកស្រី អោង សានស៊ូជី នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូង នៅកម្ពុជានេះផងដែរ។ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅក្នុងប្រទេសកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕