(ភ្នំពេញ)៖ ដោយមើលឃើញពីសក្តានុពលធម្មជាតិនៅកម្ពុជា អំណោយផលលើវិស័យវិស័យកសិកម្មនោះ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ សមាគមសហគ្រិនដើម្បីសង្គម ក្រុមហ៊ុន ស្រាម អែន ម្រាម តិចណូឡូជី និងរិស្សស៊ិស លីមីតធីត របស់ឥណ្ឌា និងក្រុមហ៊ុន ជីមី អិនធើណាស្យុណាល់របស់ចិន បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីជំរុញការកែច្នៃការនាំចេញ ផលិផល និង កសិផល ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

នៅក្នុងឱកាសនេះដែរ លោក ដុកទ័រ សេឡេល ឡាជូ ហ៊ីរ៉ាណាល់ដានី អគ្គនាយកក្រុមហ៊ុន ស្រាម អែន ម្រាម តិចណូឡូជី និងរិស្សស៊ិស លីមីតធីត របស់ឥណ្ឌា បានថ្លែងថា កម្ពុជា គឺជាប្រទេសមួយនៅក្នុងពិភពលោកដែលសម្បូរទៅដោយដីមានជីវជាតិរហូតដល់៨០ភាគរយ នៃផ្ទៃប្រទេស កត្តាធម្មជាតិដ៏ល្អនេះអាចធ្វើការដាំដុះដំណាំ ស្ទើរគ្រប់ប្រភេទបាន ដែលបណ្តាប្រទេសមួយចំនួននៅលើពិភពលោកមិនអាចដាំបាន។ តាមរយៈការចុះអនុស្សារណៈរួមគ្នានេះ ដោយសារតែសម្លឹងមើលឃើញថាអង្គភាព ជំនាញរបស់កម្ពុជា មានភាពស្មោះត្រង់ និងមហិចតាយ៉ាងខ្លាំង ដើម្បីនាំចេញនូវផលិតផលកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ដូច្នេះការសហការគ្នានេះនឹងធ្វើ ឱ្យវិស័យ SME ឬការវិនិយោគទាំងឡាយនៅកម្ពុជា នឹងមានការរីកចម្រើនផងដែរ។

បន្ថែមពីនេះ លោកក៏បានរំលឹកឡើងថា កាលពីមុនលោកធ្លាប់មកប្រទេសកម្ពុជា ព្រមទាំងបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ដោយចង់ឃើញផលិតផលទាំងអស់ដែលនាំចេញទៅផ្សារក្នុងតំបន់ និងពិភពលោកសរសេរដាក់ថា Made in Cambodia ដូច្នេះដោយចិត្តស្រឡាញ់កម្ពុជា លោកបានត្រឡប់មកវិញ ដោយបានសហការជាមួយសមាគម និងស្ថាប័នជំនាញ ដើម្បីជំរុញការផលិតបន្លែ និងផ្លែឈើមួយចំនួនយកទៅចរាចរនៅលើពិភពលោក និងមានគម្រោងដំឡេីងរោងចក្រកែច្នៃបន្លែ ផ្លែឈើ ទាំងនេះជាផែនការសម្រាប់ថ្ងៃអនាគតផងដែរ។

លោក ទុំប៉ែន វីរៈវិទូ ប្រធានសមាគមសហគ្រិនដើម្បីសង្គម (ស.ស.ស) បានថ្លែងថា សម្រាប់ដំណើរការលើកដំបូងនេះ គឺជាបទពិសោធន៍ថ្មីដល់អ្នកជំនាញលើវិស័យកសិផលកម្ពុជា ដើម្បីសិក្សារួមគ្នាជាមួយក្រុមហ៊ុនជំនាញបរទេសលើព័ត៌មាននានានៅក្នុងទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុក។

លោក ទុំប៉ែន វីរៈវិទូ បានបន្តថា ជាពិសេសសមាគមប្តេជ្ញាឱ្យបាននូវការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ហិរញ្ញវត្ថុ បច្ចេកវិទ្យា ការស្វែងរកមតិគាំទ្រផ្នែកយុត្តាធិការ ទីផ្សារជីឌីថល ស្តង់ដារគុណភាព ISO ផលិតផល សេវាកម្មវេចខ្ចប់ និងការដឹកជញ្ជូនដល់បណ្តាសមាជិក ដែលបានចុះឈ្មោះ ជាសមាជិករបស់សមាគម និងចុះបញ្ជីជាមួយមន្ទីរ ក្រសួងពាក់ព័ន្ធ។ លើសពីនេះទៅទៀត រាល់ការដោះដូរពាណិជ្ជកម្ម និងសហប្រតិបត្តិការដៃគូ រវាងអ្នកផលិត និងអ្នកបញ្ជាទិញស្ថិតក្រោមការសម្របសម្រួលរបស់សមាគម។

លោក ប៉េនី ជូន អគ្គនាយកក្រុមហ៊ុន ជីមី អិនធើណាល់ស្យិនណាល់ បានថ្លែងថា ការចូលរួមសហការជាមួយសមាគមសហគ្រិនដើម្បីសង្គម នឹងអាចចូលរួមចំណែកលើកស្ទួយវិស័យសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការវិនិយោគលើជំនាញដែលមានស្រាប់ ស្របទៅតាមទស្សនវិស័យជំរុញផលិតផល កសិផលកម្ពុជា ដើម្បីនាំចេញទៅលក់ចរាចរនៅលើទីផ្សារក្នុងតំបន់ និងពិភពលោកទាំងមូលជាដើម។

លោកបានបន្តថា បន្ថែមពីនេះក្រុមហ៊ុនលោកនឹងខិតខំសហការឱ្យកាន់តែល្អបន្ថែមទៀតជាមួយដៃគូរសហគ្រិនកម្ពុជា នៅក្នុងវិស័យសំខាន់ៗផងដែរ។ វិស័យ៣សំខាន់ ដែលត្រូវលើកយកមកអនុវត្តន៍ គឺលើវិស័យសង្គមស៊ីវិល, វិស័យឯកជន និងផ្តោតសំខាន់នោះទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕