(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាតុមូលមួយក្រោមប្រធានបទ «ការឆ្លងឆ្លើយគ្នារវាងស្ថានទូត សហរដ្ឋអាមេរិក និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះមានវាគ្មិនកិត្តិយសមកពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អ្នកប្រវត្តិសាស្ត្រ អ្នកច្បាប់ និងអ្នកស្រាវជ្រាវមកពីរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងជាថ្មី ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះអាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំងបំផុត ចំពោះភាពជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។

ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះ ស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតបធ្ងន់ៗទៅកាន់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញវិញដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។

លើសពីនោះទៅទៀត ស្ថានទូតមហាអំណាចចិនបានអះអាងបន្ថែមថា ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៉ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕