(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំរដ្ឋបាល ខេត្ត និងក្រុមប្រឹក្សាខេត្តព្រះសីហនុ ថ្លែងសាទរ និងអរគុណ ដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថមស្ដាបនាផ្លូវបេតុង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋរស់នៅស្រុកព្រៃនប់ បានប្រើប្រាស់មានភាពងាយស្រួល។

លោក ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឲ្យដឹងដូច្នេះ ធ្វើឡើងនាឱកាស អញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែប្រវែង ៦១៧ម៉ែត្រ និងទទឹង ៤ម៉ែត្រកន្លះ នៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។

ផ្លូវបេតុងមួយខ្សែខាងលើនេះ ឧបត្ថម្ភដោយ លោកឧកញ៉ា គុយ ណាត និង លោកឧកញ៉ា ជា សឿន បានស្ថាបនារួចរាល់ និងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជំនួសផ្លូវដីកន្លងមក ដោយបាន តភ្ជាប់ពីផ្លូវជាតិលេខ ៤ ចូលមកភូមិអូរតាប៉ាង។

បន្ថែមលើនេះ លោកឧកញ៉ា គុយ ណាត និងលោកឧកញ៉ា ជា សឿន ក៏បានរៀបចំជាម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ឧបត្ថម្ភជូនប្រជាពលរដ្ឋ មួយចំនួន មានលំនៅដ្ឋាននៅភូមិអូររាប៉ាងផងដែរ។

នាឱកាសនោះដែរ លោក ជាម ហ៊ីម ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់សប្បុរសជននានា ជាពិសេស លោកឧកញ៉ា គុយ ណាត និងលោកឧកញ៉ា ជា សឿន ដែលបានឧបត្ថម្ភ ឬជួយស្ថាបនាផ្លូវបេតុងមួយខ្សែខាងលើនេះ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ រស់នៅមូលដ្ឋានស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រើប្រាស់ ធ្វើដំណើរឆ្លងកាត់មានភាពងាយស្រួល។

ត្រង់ចំណុចនេះ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចាត់ទុកថា ការចំណាយធនធានផ្ទាល់ខ្លួន ដ៏ច្រើនសន្ធឹកសន្ធាប់ របស់សប្បុរសជនលោកឧកញ៉ា គុយ ណាត និង លោកឧកញ៉ា ជា សឿន ខាងលើដា បានចូលរួមចំណែកលើការងារអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាជួយដល់ប្រជាពលរដ្ឋ ដែលមានលំនៅមូលដ្ឋាន រស់នៅខេត្តព្រះសីហនុ បានប្រើប្រាស់នៅពេលនេះ។

លោក ជាម ហ៊ីម ឲ្យដឹងដូច្នេះរួចបានចាត់ទុក ការចូលរួម របស់សប្បុរសជន លោកឧកញ៉ា គុយ ណាត និង លោក ជា សឿន ដែលបានជួយឧត្តមស្ថាបនាផ្លូវបេតុង ជូនពលរដ្ឋ រស់នៅស្រុកព្រៃនប់ បានប្រើប្រាស់នៅពេលនេះ ថាជាការរួមចំណែក ដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានថ្កុំថ្កើងថែមទៀត៕