(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកដំណើរការគម្រោង កិច្ចពិគ្រោះយោបល់ថ្នាក់ជាតិ និងការបណ្តុះបណ្តាល ស្តីពី «ការជំរុញសហគ្រិនភាពរបស់ស្ត្រី» នាព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

កម្មវិធីនេះ សហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ នៃរាជរដ្ឋាភិបាលកម្ពុជា (គ.ជ.អ.ស) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលបំណង ពិភាក្សាអំពីបញ្ហាប្រឈមនានា និងដំណើរការក្នុងការលើកកម្ពស់ សហគ្រិនភាពរបស់ស្ត្រី នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាតួនាទីសិទ្ធិអំណាចសេដ្ឋកិច្ចរបស់ស្ត្រី ក្នុងការជំរុញឲ្យមានការរីកចម្រើន ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព។

កម្មវិធីនេះផងដែរ ក៏មានការចូលរួមពី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោក សារុន ឬទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម, លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាព ប្រចាំព្រះរាជាណាចក្រថៃ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវ និងលោកស្រី Paulline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។

គម្រោង «ការជំរុញសហគ្រិនភាពរបស់ស្ត្រី៖ ការបង្កើតបណ្តាញសហគ្រិនភាព ដែលឆ្លើយតបទៅនឹងយេនឌ័រ» មានរយៈពេល០៥ឆ្នាំ ហើយមានគោលបំណង បង្កើតបរិយាកាសគោលនយោបាយ និងអាជីវកម្ម ដែលជួយដល់សហគ្រិនស្ត្រី ក្នុងការទទួលបានដើមទន់តាមរយៈយន្តការហិរញ្ញប្បទានបែបទំនើប ព្រមទាំងបង្កើនការប្រើប្រាស់ ICT និងបច្ចេកវិទ្យាឌីជីតាល់ (Digital Solution) របស់ពួកគេ។

ក្រៅពីប្រទេសកម្ពុជា គម្រោងនេះក៏ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន០៥ផ្សេងទៀត នៅក្នុងតំបន់ ដែលរួមមាន ប្រទេសបង់ក្លាដែស ហ្វីជី នេប៉ាល់ សាម័រ និងវៀតណាម។ គម្រោងនេះ ទទួលបានការគាំទ្រហិរញ្ញវត្ថុពីរដ្ឋាភិបាលកាណាដា ដែលផ្តល់ឲ្យតាមរយៈនាយកដ្ឋានកិច្ចការពិភពលោក របស់កាណាដា (Global Affairs Canada)។

ពាក់ព័ន្ធទៅនឹងគោលបំណង នៃកម្មវិធីនេះផងដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ការលើកកម្ពស់សហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យឯកជន ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងទី៤ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ និងគោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ចំណែកឯស្ត្រីវិញ ក៏មានតួនាទីសំខាន់ណាស់ដែរ នៅក្នុងសង្គមកម្ពុជា ជាក់ស្តែង ស្ត្រីមិនត្រឹមតែជាអ្នកថែរក្សាបីបាច់គ្រួសារនោះទេ តែថែមទាំងចូលរួមដើរតួរយ៉ាងសំខាន់ ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ក៏ដូចជានយោបាយផងដែរ។

លោកទេសរដ្ឋមន្ត្រី ក៏សង្គត់ធ្ងន់ផងដែរថា នៅក្នុងប្រទេសកម្ពុជា ស្ត្រីត្រូវបានលើកកម្ពស់ និងផ្តល់សិទ្ធអំណាច ដើម្បីនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងសមភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃអាណត្តិទី៦ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបន្តលើកកម្ពស់ថែមទៀត លើសមភាពយែនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រី្ត ដើម្បីអាចឲ្យស្ត្រី ចូលរួមកាន់តែខ្លាំងក្លាថែមទៀត នៅក្នុងសកម្មភាពនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដោយសារការចូលរួមនេះ នឹងនាំមកនូវកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព។

នាឱកាសនោះផងដែរ ទេសរដ្ឋមន្ត្រី លី ធុជ ក៏បានលើឡើងដោយមោទនភាពថាកម្ពុជា គឺជាប្រទេសមួយដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាម ធ្លាប់ជាតំបន់អសន្តិសុខ ដោយសារជម្លោះប្រដាប់អាវុធ និងធ្លាប់ជាវាលពិឃាដ ហើយមានសេដ្ឋកិច្ចអន់ថយ ផុងជាប់ក្នុងភាពក្រីក្រ ក៏ប៉ុន្តែបច្ចុប្បន្នកម្ពុជា បានផ្លាស់ប្តូរមុខមាត់ថ្មីជាទីមោទនៈ ហើយបានក្លាយជាប្រទេសមួយដែលមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។

ប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងតែសប្បាយរីករាយឥតឧបមា ជាមួយនឹងផ្លែផ្កានៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនេះ។ ដូចដែលយើងទាំងអស់គ្នា បានឃើញស្រាប់ ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ទើបតែបញ្ជប់ទៅនាពេលថ្មីៗនេះ ប្រជាជនខ្មែរទូទាំងប្រទេស និងមានការចូលរួមពី ជនបរទេសផងដែរ បានប្រារព្ធនូវពិធីចូលឆ្នាំថ្មីនេះ ប្រជាជនខ្លះបានធ្វើដំណើរកំសាន្តទៅកាន់រមណីយដ្ឋាននានាក្នុងប្រទេស ខ្លះធ្វើដំណើរកំសាន្តក្រៅប្រទេស ខ្លះត្រលប់ទៅស្រុកកំណើតជួបជុំឪពុក-ម្តាយ បង-ប្អូន កូន-ចៅ ហើយនៅតាមស្រុកភូមិ និងទីវត្តអារាមនានា លឺសូរសលេងអឺងកង សើចសប្បាយ រាំច្រៀង រីករាយអបអរសាទរទទួលទេវតាឆ្នាំថ្មី ក៏ប៉ុន្តែរូបភាពបែបនេះ យើងទាំងអស់គ្នាប្រហែលជាមិនអាចឃើញឡើយ កាលពីប៉ុន្មានទសវត្សរ៍មុន។

ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក ដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យពី ឋានៈជាប្រទេសមានចំណូលទាប (Low Income Country) ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប (Lower-middle Income Country) ដោយសារកំណើន សេដ្ឋកិច្ចដ៏ខ្ពស់ គឺក្នុងរង្វង់៧% ក្នុងមួយឆ្នាំៗ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ដែលកំណើននេះបានជួយឲ្យមនុស្សរាប់លាននាក់ អាចចាកចេញពីភាពក្រីក្រ។

រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលដៅតម្រង់ឆ្ពោះទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ (Upper-middle Income Country) នៅឆ្នាំ២០៣០ ហើយនឹងទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ (High Income Country) នៅឆ្នាំ២០៥០ផងដែរ ដោយកំណត់យកអាទិភាពសម្រាប់ការអភិវឌ្ឍ គឺមនុស្ស ទឹក ផ្លូវ ភ្លើង។

លោកទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា នេះគឺជាសមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្រ្ត ដែលទទួលបានដោយសារការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបង្ហាញឲ្យឃើញអំពីឧត្តមគតិ និងការបេ្តជ្ញាដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជន យកផលប្រយោជន៍រួមជាធំ សម្ដៅបន្តការពារ និងកសាងមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿង ស្របតាមឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។

ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណជាពិសេសដល់ UNESCAP ដែលតែងតែបន្តការជ្រោមជ្រែង និងគាំទ្រដល់ដំណើរការអភិវឌ្ឍនៅកម្ពុជា ហើយជាក់ស្តែង នៅក្នុងដំណើរទស្សនកិច្ចផ្លូវការថ្មីៗនេះ របស់លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP លោកស្រី Armida ក៏បានប្តេជ្ញាបន្តសហការជាមួយប្រទេសកម្ពុជា ទាំងទ្វេភាគី ទាំងក្នុងក្របខ័ណ្ឌអាស៊ាន ដើម្បីធ្វើយ៉ាងណារួមគ្នា ជំរុញសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

លើសពីនេះ លោកស្រី Armida ក៏បានអញ្ជើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមសន្និបាត UNESCAP លើកទី៧៥ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃទ្បង់ដ៍ ដើម្បីចែករំលែកបទពិសោធន៍ ពីការអភិវឌ្ឍនានារបស់កម្ពុជា ដែលនេះពិតជាឆ្លុះបញ្ចាំងអំពី ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាស្អិតរមួតរវាងកម្ពុជា និង UNESCAP៕