(កែប)៖ ប្រជាពលរដ្ឋជិត៣ពាន់នាក់ ខេត្តកែប បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ដែលបានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជាង៤០០នាក់ ចុះជួយពិនិត្យព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ជូនដល់ពួកគាត់។

ការថ្លែងអំណរគុណនេះ របស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តខេត្តកែប ធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួន៤៥១នាក់ ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយឥតគិតថ្លៃចំនួន២,៩៨៩នាក់។

លទ្ធផលនៃការពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋនៅខេត្តកែប៖ ជំងឺកុមារ១៩៧នាក់, ជំងឺស្រ្តី១៥៦នាក់, ជំងឺផ្លូវចិត្ត១៤៩នាក់, ជំងឺឫសដូងបាត១៧៦នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩៦នាក់, ជំងឺភ្នែក៧៩នាក់, ជំងឺសើរស្បែក៧៦នាក់, ជំងឺទឹកនោមផ្អែ១៦៧នាក់, ជំងឺមាត់ធ្មេញ១២៩នាក់, អេកូសាស្ត្រ១៦២នាក់, ព្យាបាលរបួសនិងវះកាត់តូច៧៦ និងជំងឺទូទៅ១,៣៤០នាក់។

ការចុះពិនិត្យព្យាបាលជំងឺ និងផ្ដល់ថ្នាំដោយឥតគិតថ្លៃ បានក្លាយជារឿងមួយដ៏រីករាយ ចំពោះពលរដ្ឋរស់នៅក្រុងកែប ខេត្តកែប។ ក្នុងនោះពលរដ្ឋជាស្រ្តីម្នាក់ឈ្មោះ ដំ ឌុន ស្ថិតនៅចំណោមពលរដ្ឋដទៃទៀត បានបង្ហាញអារម្មណ៍សប្បាយចិត្តមិនធ្លាប់មាន។

អ្នកស្រី ឌុន មានជំងឺរលាកក្រពះហើយរាល់ថ្ងៃអាការនេះបានធ្វើទុក្ខនៅក្នុងពោះ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី បានចុះមកព្យាបាលជំងឺគាត់ក៏ដូចជាអ្នកភូមិឯទៀត។

អ្នកស្រី ដំ ឌុន បានសម្តែងការពេញចិត្តយ៉ាងខ្លាំង សម្រាប់ការមកដល់របស់ក្រុមគ្រូពេទ្យទាំងអស់ ដោយអ្នកស្រីបញ្ជាក់ថា «ខ្ញុំចំណេញលុយដោយសារតែ ក្រុមគ្រូពេទ្យចុះមកព្យាបាលជំងឺ ដោយមិនគិតលុយ ហើយក៏មិនចំណាយពេលចុះទៅឆ្ងាយ ដូចរាល់ដងដែលនាំឲ្យខាតពេលវេលា ប៉ះពាល់ការងារ»។

ចំណែកពលរដ្ឋម្នាក់ទៀត លោក សំ ចាន់ថា មានជំងឺអាឡាក់ហ្ស៊ីច្រមុះថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយ នៅពេលគេចុះមកពិនិត្យជំងឺ និងផ្ដល់ថ្នាំដោយមិនគិតលុយ វាធ្វើឲ្យខ្ញុំចំណេញថវិកា»។

ក្រៅពីបង្ហាញអារម្មណ៍សប្បាយចិត្ត ប្រជាពលរដ្ឋបានស្នើឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី ឧស្សាហ៍ចុះមកពិនិត្យ និងព្យាបាលជូនពួកគាត់ ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានការព្យាបាលមួយ ដែលមានប្រសិទ្ធិភាពខ្ពស់។

សូមជម្រាបជូនថា ក្នុងរយៈពេល៧ឆ្នាំ(២០១២-២០១៩) គិតចាប់ពីថ្ងៃបង្កើត ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបាន ចំនួន១៧៨លើកហើយ ដោយមានគ្រូពេទ្យចូលរួមចំនួន៤,២៧៥នាក់ (បួនពាន់ពីររយចិតសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋបានចំនួន៤១៧,៥៣១នាក់( សែសិបមួយម៉ឺនប្រាំពីរពាន់ ប្រាំរយសាមសិបមួយនាក់) ក្នុង១៨រាជធានីខេត្ត៕