(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសដែលសាកលវិទ្យាល័យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់គោរមងារជូន សម្តេចតេជោជា «សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ»។

ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «តាងនាមគណៈកម្មាធិការកណ្តាល មន្រ្តី អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ សូមគោរពសម្តែងនូវអំណរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជៅ ក្នុងឱកាសដែល សាកលវិទ្យាល័យប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់គោរមងារជា “សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ” ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ។

ការប្រគល់គោរមងារជា “សាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ” ពីសាកលវិទ្យាល័យប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន គឺពិតជាស័ក្តិសមនិងគុណតម្លៃ ស្នាដៃដ៏ឧត្តុង្គឧត្តមដែលមិនអាចកាត់ថ្លៃបាន និងការលះបង់ដ៏ធំធេងយ៉ាងក្រៃលែងសម្រាប់ជាតិ មាតុភូមិ និងពិតជាមោទនភាពនៃប្រជាជនកម្ពុជាទាំងមូល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃកម្ពុជា ប្រកបដោយគតិបណ្ឌិតខ្ពស់ ប៉ិនប្រសប់ក្នុងទំនាក់ទំនងអន្តរជាតិ ជាពិសេស ការអនុវត្តនយោបាយឈ្នះ ឈ្នះ ប្រកបដោយជោគជ័យ សម្រេចបានឯកភាពជាតិ បាននាំមកនូវ សុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យដល់បច្ចុប្បន្ន បានរួមចំណែកជួយរក្សាសុខសន្តិភាពក្នុងតំបន់ និងនៅលើពិភពលោកទៀតផង ធ្វើឲ្យមាតុភូមិកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រសិទ្ធពរជ័យជូន សម្តេចអគ្គមហាសេនាបតីតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកយាយមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំង បុត្រា បុត្រី បុត្រប្រសា និងចៅៗ ជាទីស្រឡាញ់ សូមសុខភាពល្អបរិបូរអាយុយឺនយូរ និងសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាសម្បូណ៌សប្បាយ រុងរឿង តរៀងទៅ»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់ សម្តេចចៅហ្វាវាំង គង់ សំអុល ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន៖