(ប៉េកាំង, ចិន)៖ ក្នុងកំលុងពេលកំពុងបំពេញបេសកកម្មការងារនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុនគ្រឿងចក្រធន់ធ្ងន់ជាតិរបស់ចិនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅកម្ពុជា។

តំណាងរបស់ក្រុមហ៊ុនបានជំរាបសម្តេចតេជោថា ក្រុមហ៊ុននេះបានចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧ មកម្ល៉េះ ហើយក៏បានសហការជាមួយអគ្គិសនីកម្ពុជាផងដែរ។ រហូតដល់បច្ចុប្បន្ននេះក្រុមហ៊ុនមានគម្រោងរហូតទៅដល់ ១២គម្រោង និងបានដាក់ទុនជាច្រើនក្នុងការកសាងវារីអគ្គិសនីដែលមានទំហំទឹកប្រាក់រហូតទៅដល់ ៥៤០លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងទាំងអស់នេះ ជាកិច្ចខិតខំសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាផលិតថាមពលអគ្គិសនីឱ្យបានកាន់តែច្រើនសម្រាប់បំពេញតម្រូវការរបស់កម្ពុជា។

តំណាងក្រុមហ៊ុន ក៏បានគូសបញ្ជាក់សម្តេចតេជោ ហ៊ុន សែន ផងដែរថា ការវិនិយោគផ្នែកអគ្គិសនីនៅកម្ពុជា គឺដំណើរការទៅមុខល្អប្រសើរ ហើយលោកបានថ្លែងអំណរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានគាំទ្រចំពោះក្រុមហ៊ុនចិនដែលទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះភាគីចិនក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឱ្យកម្ពុជាមានការរីកចម្រើនខ្លាំង ហើយធ្វើឱ្យតម្រូវការអគ្គិសនីកាន់តែច្រើន។ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកថាមពលអគ្គិសនីមួយនេះ បានស្នើសម្ដេចតេជោនាយករដ្ឋមន្ត្រីឱ្យជួយបន្តការគាំទ្រ ក្រុមហ៊ុនរបស់លោកជាបន្តទៀតទៅលើផ្នែកអគ្គិសនីនៅតំបន់ផ្សេងៗទៀត។

តំណាងក្រុមហ៊ុនក៏បានរាយការណ៍ជូនសម្ដេចតេជោផងដែរថា ក្រុមហ៊ុនក៏បានសហការជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គីសនីកម្ពុជា ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រពីសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តផលិតថាមពលអគ្គិសនីក្នុងគម្រោងថ្មីៗជាបន្តទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដែលខាងក្រុមហ៊ុនរបស់ប្រទេសចិនបានទៅវិនិយោគនៅក្នុងប្រទេសកម្ពុជា និងជួយអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យក្រុមហ៊ុនបន្តធ្វើយ៉ាងណាការអភិវឌ្ឍន៍វិស័យថាមពល ឱ្យមានការរីកចម្រើនទៅមុខជាបន្តទៀត ដើម្បីផលប្រយោជន៍ជាតិ និងតម្រូវការរបស់កម្ពុជា៕