(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា សេរីភាពខាងជំនឿ សាសនា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់មិនថា តែព្រះពុទ្ធសាស ឥស្លាម គ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ សាសនារបស់ខ្លួនដោយសេរី គ្មានពលរដ្ឋណាម្នាក់ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ។

ការបញ្ជាក់បែបនេះរបស់ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅក្នុងពិធីបើកសិក្ខាសាលាអន្តរជាតិផ្សព្វផ្សាយ លទ្ធផលស្រាវជ្រាវ ស្តីពី «ការគ្រប់គ្រងព្រះពុទ្ធ សាសនាថេរវាទ ប្រកបដោយប្រសិទ្ធភាពក្នុងប្រទេសនៅតាមដងទន្លេមេគង្គ-ឡានឆាង កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម» នៅសណ្ឋាគារ កាំបូឌីយ៉ាណា។

ទេសរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដូចមានចែងយ៉ាងច្បាស់ នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងស្មារតីនេះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះ ទៅក្នុងបាវចនារបស់ជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» នៅក្នុងឆន្ទៈជំរុញដល់ការរីកចម្រើន ទន្ទឹមគ្នាអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក វិស័យសាសនាបានរួមចំណែកយ៉ាងច្រើន ដល់ការអភិវឌ្ឍន៍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិ ទាំងមូល។

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានថ្លែយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះ សេរីភាពខាងជំនឿ សាសនា ពិតជាត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ពិតប្រាកដមែន មិនថាឡើយព្រះពុទ្ធសាសនាថេរវាទ ឬមហាយាន ឬឥស្លាម ឬគ្រីស្ទសាសនា ឬសាសនាដទៃទៀតឡើយ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ សាសនារបស់ខ្លួនដោយសេរី គ្មានពលរដ្ឋណាម្នាក់ ត្រូវបានគេចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ»។

នៅក្នុងអត្ថន័យនេះ រាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែងជំរុញ និងគាំទ្រដល់គ្រប់សាសនា ដែលកំពុងប្រតិបត្តិនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តអនុវត្តកិច្ចការទាំងនោះទៅតាមក្រឹត្យក្រមនៃព្រះធម៌ ព្រះវិន័យក្នុងសាសនានីមួយៗ គឺជាការរួមចំណែកធ្វើឱ្យយើង សម្រេចបាននូវសង្គមជាតិ មួយដ៏ល្អ ដែលវៀរចាកអំពើហឹង្សា និងការរើសអើង ដោយអនុលោមទៅតាមស្មារតីយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ ក្នុងទិដ្ឋភាពនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវឆន្ទៈដ៏មុះមុត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែជំរុញឱ្យគ្រប់សាសនាទាំងអស់ត្រូវរួមរស់ជាមួយគ្នា និងចូលរួមជាមួយគ្នាយ៉ាងសកម្មក្នុងផ្នែកអាណាចក្រ ដើម្បីស្តារនិងអភិវឌ្ឍសង្គមកម្ពុជាឱ្យមានភាព រីកចម្រើន ដូចបណ្តាប្រទេសនានា នៅលើសកលលោក។ កិច្ចការទាំងនេះហើយដែល រាជរដ្ឋាភិបាលកម្ពុជា បានធ្វើនិងកំពុងធ្វើនឹងបន្តធ្វើទៅថ្ងៃអនាគតទៀត។

ជាការពិតណាស់ ប្រទេសកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដូចមានចែងក្នុងមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាថា «ប្រជាពលរដ្ឋទាំងពីរភេទមានសិទ្ធិ ពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានា ក្នុងល័ក្ខខ័ណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ឬដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ»។

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់ថា ប្រការនេះ បានបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅកម្ពុជា មានការរីកចម្រើន និងរួមរស់នៅជាមួយគ្នាប្រកបដោយការយោគយល់ អធ្យាស្រ័យគ្នា និងគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះ នៃវប្បធម៌សន្តិភាព ដូចមានបញ្ញត្តិក្នុងគោលលិទ្ធិ នៃសាសនានីមួយៗ និងប្រកាន់ខ្ជាប់នូវគោលជំនឿសាសនារៀងៗខ្លួន ដែលជាមាគ៌ានៃសច្ចៈធម៌ របស់សាសនានីមួយៗ ដើម្បីដឹកនាំមនុស្សជាតិឱ្យទទួលបានសេចក្តីសុខ សុភមង្គល ប្រកបដោយការចូលរួមសាមគ្គីគ្នា និងរស់នៅដោយសុខដុមភាព។

ជាមួយគ្នានេះផងដែរលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចូលរួមចំណែកលើទិដ្ឋភាពសំខាន់៣ បន្ថែមលើវិស័យអាទិភាពទាំង៥ របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានដាក់ចេញដោយប្រមុខដឹកនាំប្រទេសទាំង៦ កាលពីឆ្នាំ២០១៦ កន្លងមកនេះដូចជាទី១៖ ការតភ្ជាប់, ទី២៖ សមត្ថភាពផលិត, ទី៣៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន, ទី៤៖ ធនធានទឹក និង៥៖ កសិកម្ម និងការកាត់បន្ថយភាពក្រីក្រ៕