(ភ្នំពេញ)៖ ម្ចាស់ហាងលក់ទូរស័ព្ទយីហោ Apple Gold ស្ថិតនៅតាមផ្លូវកម្ពុជាក្រោម ទល់មុខវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ខណ្ឌទួលគោក បានបង្ហោះភិនភាគជនសង្ស័យ២នាក់ ដែលបានឆក់ កាបូបរបស់ខ្លួនអស់ទឹកប្រាក់ជាង ១ម៉ឺនដុល្លារ និងទូរស័ព្ទមួយគ្រឿង កាលពីសប្ដាហ៍មុន។

ស្ដ្រីម្ចាស់ហាង អ្នកស្រី ថៃ ផាន់ណា អាយុ៣៨ឆ្នាំ ក៏បានបង្ហោះរូបភាពដែលរងរបួស នៅត្រង់កញ្ចឹងក និងជង្គង់ ដែលក្រុមចោរបានឆក់កាបូបអូសអ្នកស្រី នៅលើផ្លូវមុនពេលបើកគេចខ្លួន ដោយសុវត្ថិភាព។

អ្នកស្រីបានបង្ហោះនៅលើ Facebook ហាងរបស់ខ្លួនថា «នេះគឺភិនភាគចោរ ដែលឆក់កាបូបម្ចាស់ Apple Gold នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅទល់មុខសាលាវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ដែលមានទឹកប្រាក់ដែលបាត់បង់មានចំនួន 10000$ជាង សូមឲ្យបងប៉ូលិសជួយស៊ើបអង្កេតផង ស្រុកខ្មែរឥឡូវចោរឆក់ច្រើនណាស់ សូមបងប្អូនប្រុងប្រយត្ត័ផង បាតបង់ទ្រព្យសម្បត្តហើយ អាចបាត់បង់ជីវិតទៀត»

ម្ចាស់លក់ទូរស័ព្ទរូបនេះ ក៏បានអំពាវនាវឲ្យសមត្ថកិច្ច តាមស្វែងរកក្រុមឆក់ឲ្យខាងតែបាន ដោយសារបទល្មើសមួយនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋដែលពេលខ្លះ បណ្ដាលឲ្យជនរងគ្រោះបាត់ជីវិតទៀតផង។

លោក ជា ប៊ុនថាន វ័យ៤០ឆ្នាំ ត្រូវជាប្ដីរបស់ជនរងគ្រោះបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃកើតហេតុ វេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅ នៅពេលដែលលោក និងភរិយា បើករថយន្ដពីកំពង់ចាម មកដល់មុខផ្ទះក៏ឈប់ចុះពីរថយន្ដ ពេលនោះជនសង្ស័យ២នាក់ ដែលម្នាក់ជិះម៉ូតូម៉ាក Honda C125 បានមកចាប់ទាញកាបូបបណ្ដាលឲ្យប្រពន្ធរបស់លោកដួលផ្កាប់មុខរងរបួស ហើយភ្លាមៗនោះ មានជនសង្ស័យទំនងជាបក្ខពួករបស់ជនប្រព្រឹត្តជិះម៉ូតូម៉ាក Let's ជាអ្នកបិទគូថពីក្រោយទៀតផង។

សម្រាប់ទ្រព្យសម្បត្តិនៅក្នុងកាបូប លោក ជា ប៊ុនថាន អះអាងថា លុយដុល្លារជិត១ម៉ឺនដុល្លារ និងលុយខ្មែរប៉ុន្មានលានរៀលទៀត រួមទាំងទូរស័ព្ទដៃមួយគ្រឿង ត្រូវក្រុមចោរឆក់យកទៅបាត់។ សម្រាប់លុយកាក់ទាំងនេះ លោកថាមិនសោកស្ដាយនោះទេ ពីព្រោះអាចរកបានទៀត ប៉ុន្ដែអ្វីដែលសោកស្ដាយ និងតក់ស្លុតនោះ គឺជីវិតភរិយារបស់ខ្លួន ដែលរងគ្រោះប៉ិសដល់អាយុជីវិតទៀតផង។

លោក ជា ប៊ុនថាន បានបន្ដថា ក្រោយកើតហេតុ លោកក៏បានដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ដិ៍ ដើម្បីជួយស្រាវជ្រាវ ប៉ុន្ដែហាក់មិនសូវមានប្រសិទ្ធភាពនោះទេ ដូច្នេះលោកសូមឲ្យសមត្ថកិច្ចថ្នាក់លើ ជួយស្រាវជ្រាវដើម្បីតាមចាប់ជនល្មើសយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា អំពើឆក់នៅតាមដងផ្លូវសាធារណៈ ជាក្ដីព្រួយបារម្ភមួយដ៏ខ្លាំងរបស់ប្រជាពលរដ្ឋ ដែលកន្លងទៅថ្មីៗនេះ បទល្មើសឆក់បានបណ្ដាលឲ្យជនរងគ្រោះស្លាប់ ពេលដែលក្រុមចោរបានធ្វើសកម្មភាព។

ទន្ទឹមនឹងការដោះស្រាយបទល្មើសសង្គមមួយនេះ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសម្រេចអង្គភាពមួយ ដែលមានឈ្មោះថា «ក្រុមបង្ការ និងបង្ក្រាបអំពើលួច ឆក់» ដែលមាននាយកដ្ឋានចំនួន៥ រួមមាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ, នាយកដ្ឋានវិទ្យុទាក់ទង, នាយកដ្ឋាននគរបាលទេសចរណ៍ និងនាយកដ្ឋានបច្ចេកទេស និងកោសល្យវិច្ច័យ ដោយសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោក ជា ប៊ុនថាន បានទទូចអំពាវនាវដល់ថ្នាក់ដឹកនាំសមត្ថកិច្ចពាក់ព័ន្ធរួមគ្នា ទប់ស្កាត់អំពើលួច ឆក់ និងប្លន់ ឲ្យមានប្រសិទ្ធភាពដើម្បីភាពសុខសាន្ដដល់ប្រជាជននៅតាមមូលដ្ឋានទាំងអស់៕