(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដ៏សំខាន់ក្នុងក្របខណ្ឌ «ខ្សែក្រវាត់ និងផ្លូវ» ហើយរដ្ឋាភិបាលចិនមានការយកចិត្តទុកដាក់ខ្ពស់លើការផ្សារភ្ជាប់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ជាមួយនឹង «យុទ្ធសាស្ត្រចតុកោណ» របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចិន មានបំណងចាប់ដៃកម្ពុជាដោយឈរលើស្មារតី «ខ្សែក្រវាត់ និងផ្លូវ» រួមគ្នាពិភាក្សា រួមគ្នាកសាង រួមគ្នាចែករំលែក និងបន្តកិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមកឱ្យាកន់តែស៊ីជម្រៅ ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាពរួមគ្នា។

ការគូសបញ្ជាក់របស់លោក វ៉ាង វិនធាន ត្រូវបានរំលេចឡើងតាមរយៈសំណេរបង្ហាញពីទស្សនវិស័យលើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ លោកឯកអគ្គរដ្ឋទូតចិន បានដាក់ចំណងនៃសំណេររបស់ខ្លួនថា «រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ បង្កើតជាសហគមន៍ជោគវាសនាតែមួយរវាងចិន និងកម្ពុជា»

ក្នុងសំណេរដែលបានចែកចាយលើទំព័រ Facebook របស់ស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ចំពេលដែលសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូហោះទៅរដ្ឋប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី២, លោក វ៉ាង វិនធាន បានបង្ហាញការជឿជាក់ថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិន និងកម្ពុជា ប្រាកដជាអាចធ្វើឱ្យមានទំនុកចិត្តផ្នែកនយោបាយ បំពេញចំណុចខ្វះខាតឱ្យគ្នាទៅវិញទៅមកក្នុងវិស័យសេដ្ឋកិច្ច និងការស្វែងយល់ពីគ្នារវាងប្រជាជនបានកាន់តែពេញលេញ។ ជាពិសេសតាមរយៈការជំរុញផ្សារភ្ជាប់រវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ» រួមនឹង «យុទ្ធសាស្ត្រចតុកោណ» ចិន និងកម្ពុជា នឹងរួមគ្នាកសាងសហគមន៍ជោគវាសនាតែមួយប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ ដែលផ្តល់ផលប្រយោជន៍ជោគជ័យ និងពឹងផ្អែកគ្នាទៅវិញទៅមក នឹងនាំមកនូវភាពសុខដុមរមនាកាន់តែប្រសើរជូនចំពោះប្រជាជនប្រទេសទាំងពីរ។

ក្នុងសំណេរនេះលោកឯកអគ្គរដ្ឋទូតចិន ក៏បានគូសបង្ហាញពីសមិទ្ធផលធំៗមួយចំនួនដែលកើតចេញពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក៏ដូចជាក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ផងដែរ។

លោកឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា ប្រទេសចិន និង ប្រទេសកម្ពុជា គឺជាប្រទេសអ្នកជិតខាងយ៉ាងជិតស្និទ្ធ។ ទំនាក់ទំនងយ៉ាងស្និទ្ធស្នាល និង វិសេសវិសាលរវាងចិន និងកម្ពុជាត្រូវបានចាក់គ្រឹះដោយប្រវត្តិមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ចំណងការទូតក្នុងរយៈពេល ៦១ឆ្នាំមកនេះ ប្រទេសទាំងពីរតែងបន្តយោគយល់គ្នា និងគាំទ្រគ្នាទៅវិញទៅមក។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជននៃប្រទេសទាំងពីរ, មិត្តភាពប្រពៃណីចិន និងកម្ពុជាបានរីកដុះដាលយ៉ាងល្អ តាមរយៈការកសាង «ខ្សែក្រវាត់ និងផ្លូវ» ហើយទំនាក់ទំនងភាគីទាំងពីរបានឈានចូលដល់សម័យកាលល្អបំផុតក្នុងប្រវត្តិសាស្រ្ត។ ទំនុកចិត្តនយោបាយរយៈពេលវែងបង្កើតបានជាទំនាក់ទំនង «មិត្តដែកថែប»។

កាលពីឆ្នាំ១៩៥៥ លោកនាយករដ្ឋមន្ត្រី ជូ អិនឡាយ និងសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ មានជំនួបយ៉ាងស្និទ្ធស្នាលនៅក្នុងកិច្ចប្រជុំបានដុង បើកនូវទំព័រថ្មីនៃមិត្តភាពរវាងចិន និងកម្ពុជា។ ក្នុងអំឡុងពេលរាប់សិបឆ្នាំមកនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរប្រាស្រ័យទាក់ទងគ្នាប្រៀបដូចជាសាច់ញាតិ។ សម្តេចព្រះបរមរតនកោដ្ឋថែមទាំងបានចាត់ទុកប្រទេសចិន ជាមាតុភូមិកំណើតទីពីររបស់ទ្រង់ទៀតផង។

កាលពីឆ្នាំ២០១៦ លោកប្រធានាធិបតី Xi Jinping បានបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តមកកាន់ព្រះរាជាណាចក្រកម្ពុជា កំណត់បានទិសដៅច្បាស់លាស់សម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងចិន និងកម្ពុជាក្នុងយុគសម័យថ្មី ហើយតាក់តែងជាផែនទីបង្ហាញផ្លូវមួយ។

កាលពីឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី Li Keqiang បានបំពេញទស្សនកិច្ចយ៉ាងជោគជ័យនៅប្រទេសកម្ពុជា ហើយបានបញ្ចូលនូវកម្លាំងជីវិតថ្មីក្នុងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា។ កាលពីដើមឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនប្រកបដោយជោគជ័យ។ សម្តេច និងលោកប្រធានាធិបតី Xi Jinping សម្រេចបានកុងសង់ស៊ីសសំខាន់ក្នុងការកសាងសហគមន៍ជោគវាសនាតែមួយប្រកបដោយអត្ថន័យយុទ្ធសាស្ត្ររវាងចិន និងកម្ពុជា។ ប្រទេសកម្ពុជាតែងប្រកាន់ខ្ជាប់គោលនយោបាយ «ប្រទេសចិនតែមួយ» និងប្រកាន់ជំហរគាំទ្រឥតងាករេចំពោះមុខបញ្ហានានាដែលទាក់ទងនឹងអត្ថប្រយោជន៍ស្នូលរបស់ភាគីចិន។

ប្រទេសចិនវិញ តែងគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសកម្ពុជា ហើយគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងស្ថានភាពជាក់ស្តែងរបស់ប្រទេសខ្លួនជានិច្ចកាល និងតែងផ្តល់នូវជំនួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងកែលម្អជីវភាពប្រជាជនទៅតាមលទ្ធភាពដែលភាគីចិនអាចធ្វើបាន។ ការគាំពារ និងជួយគ្នាទៅវិញទៅមកបានក្លាយជាលក្ខណៈពិសេសយ៉ាងលេចធ្លោក្នុងទំនាក់ទំនងមិត្តភាពដែកថែបរវាងចិន និង កម្ពុជា។

ក្រោយពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ត្រូវបានលើកឡើងកិច្ចសហប្រតិបត្តិការក្នុងវិស័យសមត្ថភាពផលិតកម្ម ធុរកិច្ចពាណិជ្ជកម្ម កសិកម្ម និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាដើមរវាងប្រទេសទាំងពីរត្រូវបានវិវត្តន៍កាន់តែស៊ីជម្រៅជាលំដាប់។ កិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ចរវាងប្រទេសទាំងពីរសម្រេចបានចំណាត់ថ្នាក់លេខ១ជាច្រើន។ យោងតាមស្ថិតិកម្ពុជា ប្រទេសចិនជាប្រភពទុនវិនិយោគធំបំផុត និងជាដៃគូពាណិជ្ជកម្មធំទី១ របស់ប្រទេសកម្ពុជា។ ភាគីចិនសាងសង់ផ្លូវបានប្រវែងវែងជាងគេ និងស្ពានបានចំនួនច្រើនជាងគេនៅកម្ពុជា ហើយបានតភ្ជាប់ខ្សែអុបទិចវែងបំផុតទៀតផង។

នៅដើមឆ្នាំនេះ ភាគីទាំងពីរបានកំណត់គោលដៅដើម្បីសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ចំនួន ១០ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣ ហើយប្រទេសទាំងពីរនឹងចាប់ផ្តើមសិក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងឱកាសសមស្របណាមួយ។ ជឿជាក់ថា តាមរយៈការជំរុញជាបន្តបន្ទាប់នៃការកសាងយុទ្ធសាស្ត្រ «ខ្សែក្រវាត់ និងផ្លូវ» ការបំពេញគុណសម្បត្តិទៅវិញទៅមករវាងសេដ្ឋកិច្ចចិន និងកម្ពុជានឹងបញ្ចេញសមត្ថភាពផ្ទាល់ខ្លួនបានយ៉ាងពេញលេញ ហើយកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងចិន និងកម្ពុជានឹងឈានចូលដល់សម័យកាលអភិវឌ្ឍន៍ដ៏វិសេសវិសាលយ៉ាងឆាប់រហ័ស និងគ្រប់ជ្រុងជ្រោយ ដែលនឹងនាំមកនូវសមិទ្ធផលជាផ្លែផ្កា។ ការប្រាស្រ័យទាក់ទងមនុស្សសាស្ត្រយ៉ាងទូលំទូលាយជំរុញដល់ការផ្សារភ្ជាប់មនោសញ្ចេតនារវាងប្រជាជននិងប្រជាជន។

មិត្តភាពចិន និងកម្ពុជា ជានិច្ចកាលចាក់ឬសក្នុងបេះដូងរបស់ប្រជាជនប្រទេសទាំងពីរ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ទំនាក់ទំនងមនុស្សសាស្រ្តប្រទេសទាំងពីរមានការអភិវឌ្ឍន៍ខ្ពស់ក្លាយទៅជាកម្លាំងជំរុញសំខាន់ក្នុងការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយ។ កាលពីឆ្នាំ២០១៨ភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជាមានចំនួនលើសពី២លាននាក់ហើយ រីឯភ្ញៀវទេសចរកម្ពុជាដែលទៅទស្សនាប្រទេសចិនមានចំនួនលើសពី ១សែននាក់ កំណើនជាមធ្យមលើសពី៦០%។

ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរធំជាងគេសម្រាប់កម្ពុជា។ ចំនួនជើងហោះហើររវាងចិន និងកម្ពុជាមានប្រមាណ ៣៩៨លើកក្នុងមួយសប្តាហ៍។ អាហារូបករណ៍រដ្ឋាភិបាលចិន បានទទួលសិស្សនិស្សិតកម្ពុជាសរុបប្រមាណជាង២០០០នាក់មកហើយ។ ការសហការបង្កើតរួមគ្នារវាងចិន និងកម្ពុជានូវវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានបណ្តុះបណ្តាលសិស្សនិស្សិតប្រមាណជាង ៨ម៉ឺននាក់ហើយ ចំណែកទីតាំងសិក្សាត្រូវបានពង្រាយនៅតាមខេត្តក្រុងចំនួន១២ និងនៅតាមស្ថាប័នជាតិមួយចំនួនទៀតផង។ ស្នាមញញឹមអង្គរ ដែលជាការសម្តែងសិល្បៈវប្បធម៌ទេសចរណ៍ខ្នាតធំទទួលបានការគាំទ្រយ៉ាងច្រើនកុះករ។

ប្រទេសទាំងពីរ នឹងចាត់យក «ទិវាឆ្នាំវប្បធម៌ទេសចរណ៍រវាងចិន និងកម្ពុជា» ២០១៩ ជាឱកាសមួយ បន្តជម្រុញពង្រីកការប្រាស្រ័យទាក់ទងរវាងប្រជាជនទៅវិញទៅមក លើកកម្ពស់ការស្វែងយល់ពីគ្នារវាងប្រជាជនទាំងពីរហើយធ្វើការបណ្តុះបណ្តាលឆន្ទៈ និងមូលដ្ឋានសង្គមឲ្យបានកាន់តែជ្រាលជ្រៅ ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនាតែមួយប្រកបដោយអត្ថន័យយុទ្ធសាស្ត្ររវាងចិន និងកម្ពុជា៕