(ភ្នំពេញ)៖ លោក ឃួន សូណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមលើសំណុំរឿងស្ត្រីវៀតណាម សញ្ជាតិអូស្ត្រាលីម្នាក់ ដាក់ពន្ធនាគាររយៈពេល ៣០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៨០លានរៀល ចូលជាថវិការដ្ឋ ករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនជិត ២គីឡូក្រាម។

ស្ត្រីជាជនជាប់ចោទមានឈ្មោះ Tran Ve Thy អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម និងមានសញ្ជាតិអូស្ត្រាលី ត្រូវតុលាការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា៤០នៃច្បាប់ស្តីពី «ការត្រួតពិនិត្យគ្រឿងញៀន»។

នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ Tran Ve Thy បានសារភាពថា នាងពិតជាបានយកគ្រឿងញៀន ប្រភេទហេរ៉ូអ៊ីន ទម្ងន់១,៧៥៥.៥០ក្រាម (ជិត២គីឡូក្រាម) ដាក់ក្នុងវ៉ាលីពណ៌ក្រហមបម្រុង ដឹកចេញពីប្រទេសកម្ពុជា ទៅប្រទេសអូស្ត្រាលីមែន។

នៅក្នុងសវនាការ ស្ត្រីជនជាប់ចោទ បានបន្តថា ដោយសារនាងជំពាក់លុយឈ្មោះ ចាង ពេលលេងល្បែងក្នុងកាស៊ីណូក្នុងប្រទេសអូស្ត្រាលីចំនួន ៥០០០ដុល្លារ និងគ្មានលុយសងទើបឈ្មោះ ចាង បានប្រើឱ្យខ្លួនមកប្រទេសកម្ពុជា ដើម្បីទទួលគ្រឿងញៀន ដោយឱ្យលុយថ្លៃសេវាចំនួន ១ម៉ឺនដុល្លារ។

នៅពេលមកដល់ប្រទេសកម្ពុជា នាងបានទៅជួបបុរសជនជាតិវៀតណាមពីរនាក់ នៅក្បែរកាស៊ីណូ «ណាហ្គាវើល» ក្នុងខណ្ឌដូនពេញ។ បន្ទាប់មក បុរសជនជាតិវៀតណាមទាំងពីរនាក់នោះ ក៏បានយកគ្រឿងញៀន ទៅឱ្យនាងដល់បន្ទប់ដែលនាងស្នាក់នៅក្នុងសណ្ឋាគារ «ដាយមិនផាលេស» ដោយពួកគេបានវេចខ្ចប់ និងដាក់គ្រឿងញៀន នៅក្នុងវាលិសក្រហមរួចស្រេចហើយ ដើម្បីឱ្យនាងយកទៅប្រគល់ឱ្យឈ្មោះ ចាង នៅប្រទេសអូស្ត្រាលី។

សម្រាប់ជនជាប់ចោទ ត្រូវបានកម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងបម្រុងនឹងដឹកគ្រឿងញៀន ចេញទៅប្រទេសអូស្ត្រាលី៕