(ភ្នំពេញ)៖ ឆ្លើយតបនឹងសកម្មភាពព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមអតីតគណបក្សប្រឆាំងមិនឈប់មិនឈរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអះអាងថា នៅកម្ពុជានេះបើសិនជាសម្តេចមិនទប់ខ្លាំងៗនោះទេ នឹងត្រូវក្រុមមនុស្សដែលគេហៅថា «ក្រុមចង្រៃ» ធ្វើឱ្យក្រឡាប់ចាក់ជាមិនខានឡើយ។

ទោះបីជាមិនបានបញ្ចេញឈ្មោះចំៗ តែក្រុមសម្តេចតេជោ ហ៊ុន សែន ថ្លែងសំដៅនោះ គឺអតីតក្រុមមន្ត្រី នៃគណបក្សសង្គ្រោះជាតិ ដែលតែងតែធ្វើសកម្មភាពខុសច្បាប់គ្រប់បែបយ៉ាង ដើម្បីចង់បានអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ ក្រុមអតីតគណបក្សប្រឆាំង តែងតែផ្តួចផ្តើមឱ្យមានចលនាប្រឆាំងរាជរដ្ឋាភិបាល ទាំងក្រៅប្រទេស និងក្នុងប្រទេស ដោយមិនបានគិតពីតម្លៃនៃសន្តិភាព ដែលត្រូវបានស្វះស្វែងរកយ៉ាងលំបាកឡើយ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញពីសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារប្រទេសកម្ពុជា ដោយមិនឱ្យក្រុមឧទ្ទាមមកបំផ្លាញសន្តិភាពបានឡើយ។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមកឈរនិយាយប៉ប៉ាច់ប៉ប៉ោចនេះ បើមិនមកប៉ប៉ាច់ប៉ប៉ោចទេ ពួកអាចង្រៃហ្នឹងវាធ្វើឱ្យប្រទេសក្រឡាប់ចាក់បាត់ហើយ ប៉ុន្តែអាប៉ប៉ាច់ប៉ប៉ោចនេះ សូមកុំសូវហ៊ានពេក បើមិនគ្រប់ខ្នាតទេកុំចូល»

ជាមួយគ្នានេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក៏បានឆ្លើយតបចំពោះអ្នកដែលនិយាយថា សម្តេចកំពុងមានជំងឺ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយត្រឡប់ទៅវិញថា សម្តេចកំពុងមានសុខភាពល្អប្រសើរ គ្មានជំងឺនោះឡើយ ហើយសម្តេចក៏កំពុងប្រឹងហាត់ប្រាណទប់កុំឱ្យគីឡូឡើង តាមការណែនាំរបស់គ្រូពេទ្យ។ សម្តេចបានហៅអ្នកដែលថា សម្តេចមានជំងឺនោះជាមនុស្សចង្រៃបំផុត។

សម្តេចមានប្រសាសន៍បញ្ជាក់បន្តថា៖ «ខ្លះគេឃើញខ្ញុំស្គមក្នុងរយៈពេលចុងក្រោយនេះ គេថាខ្ញុំហ្នឹងមានជំងឺ។ អាចង្រៃនេះ បើឯងមិនដឹងទេកុំនិយាយ ខ្ញុំកំពុងតែមានសុខភាពល្អ ឯងសាកជាមួយខ្ញុំមើល។ ខ្ញុំអាចរត់ម្តង បាន៩០នាទីឯណោះ។ សួរថា អាក្រុមដែលថាខ្ញុំឈឺ វាហ៊ានមករត់ជាមួយខ្ញុំបានទេ? ការហាត់ប្រាណវាជារឿងចាំបាច់ណាស់ ហើយការហាត់ប្រាណមិនមែនទើបតែហាត់ទេ គឺហាត់តាំងពីយូរមកម្លេះ។ ថ្ងៃខ្លះទៅវាយកូនហ្គោល ព្រឹកល្ងាច ក៏ខ្ញុំនៅតែហាត់ប្រាណទៀត ដើម្បីឱ្យបែកញើសស្រួលខ្លួន»

សូមរំលឹកថា ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥រួចមក ក្រុមអតីតគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ សម រង្ស៊ី និងកឹម សុខា តែងតែធ្វើសកម្មភាពខុសច្បាប់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីចង់បានអំណាចយកមកគ្រប់គ្រង។ ទោះបីជាយ៉ាងនេះក្តី សកម្មភាពទាំងនោះ ក៏តែងតែត្រូវបានបរាជ័យជានិច្ចដែរ។

នៅឆ្នាំ២០១៣ ក្រុមប្រឆាំងរាជរដ្ឋាភិបាល បានផ្តួចផ្តើមឱ្យកម្មកររោងចក្រ ចេញមកធ្វើបាតុកម្មបង្កភាពចលាចលពេញរាជធានីភ្នំពេញ រហូតដលប៉ះពាល់ជាមួយអាជ្ញាធរ និងបណ្តាលឱ្យមានមនុស្សមួយចំនួនស្លាប់ និងរបួស។ ក្រៅពីនេះទណ្ឌិត សម រង្ស៉ី ក៏បានអំពាវនាវឥតឈប់ឈរទៅកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឱ្យធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល។

លើសពីនេះទៅទៀត សម្រាប់សកម្មភាពក្រៅប្រទេស មនុស្ស១ក្រុមដែលត្រូវបានគេស្គាល់ថា «ក្រុមចង្រៃ» តែងតែដើរញុះញង់អន្តរជាតិ ឱ្យបរទេសទាំងឡាយផ្តាច់ជំនួយ និងឈប់គាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ហើយសកម្មភាពថ្មីៗនេះ គឺការដឹកនាំពលករនៅកូរ៉េ ចូលរួមធ្វើបាតុកម្មភ្លើងទៀន ថែមទាំងចង់ដឹកនាំក្រុមពលករទាំងនោះមកប្រទេសកម្ពុជា ដើម្បីផ្តួលរលំទៀតផង។ សកម្មភាពដ៏ល្ងង់ខ្លៅមួយទៀតនោះ គឺក្រុមប្រឆាំងបាន អុចអាលឱ្យសហភាពអឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធក្រោមគម្រោង ទំនិញគ្រប់យ៉ាងលើកលែងសព្វាវុធ (EBA) ពីកម្ពុជាផងដែរ៕