(ភ្នំពេញ)៖ បន្ទាប់ពីកីឡាករកាយវប្បកម្មទទួលបានមេដាយមាស ពីការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក នៅប្រទេសថៃ ក្រសួងអប់រំ បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបើកប្រាក់រង្វាន់ជូន (ទោះបីជាមកដល់ពេលនេះ មិនទាន់ធ្លាក់ពីក្រសួងសេដ្ឋកិច្ចក្ដី)។ ប៉ុន្តែមានការយល់ច្រឡំគ្នាបន្តិចបន្តួច អំពីកម្រិតនៃការប្រកួត និងការទទួលប្រាក់រង្វាន់។ ការភន់ច្រឡំនេះ បណ្ដាលឲ្យមានព័ត៌មានខ្លះផ្សាយថា ក្រសួងអប់រំ កិបកេងប្រាក់រង្វាន់កីឡាករ ១០០លានរៀល នោះគឺខុសពីការពិត។

ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវតាមគតិយុត្តិ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើរបាយការណ៍ជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្រ្តីអំពីបញ្ហានេះ។ ជាការឆ្លើយតប ទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយច្បាប់ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ក្នុងស្មារតីគាំទ្រការអនុវត្តរបស់ក្រសួង ដោយខ្លឹមសារថា «របាយការណ៍ស្ដីពី ការផ្ដល់ប្រាក់រង្វាន់ជូនជ័យលាភី នៃការចូលរួមប្រកួត លក្ខណៈអន្តរជាតិ ប្រចាំឆ្នាំ និងការផ្ដល់ប្រាក់រង្វាន់ជ័យលាភីកាយវប្បកម្មជើងឯកពិភពលោក រាជរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា [គ្រប់គ្រាន់ហើយ]»។

ចំពោះខ្លឹមសាររបាយការណ៍ ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី នោះមានខ្លឹមសារថា «ករណីកីឡាកាយវប្បកម្មដែលទទួលបាន មេដាយមាសពិភពលោក នៅប្រទេសថៃកន្លងមកនេះ ក្រសួងបានស្នើប្រាក់រង្វាន់ជូនជ័យលាភី និងគ្រូបង្វឹកតាមប្រកាសអន្តរក្រសួងលេខ៧១៦ សហវ ប្រក ដែលបានកំណត់ក្នុងប្រការ៦ ចំណុចខ.១ ប្រាក់រង្វាន់ជ័យលាភីចំនួន២០.០០០.០០០ (២០លាន) រៀល និងគ្រួបង្វឹកចំនួន២០.០០០.០០០ (២០លាន) រៀល ប៉ុន្តែកីឡាករពុំពេញចិត្តចង់បាន ១២០.០០០.០០០ (១២០លាន) រៀល»

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ ក្រសួងបានអញ្ជើញប្រធានសហព័ន្ធ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករមកពន្យល់អំពីគោលការណ៍ស្នើសុំប្រាក់រង្វាន់ជាក់ស្ដែងរួចរាល់ ហើយគ្រូបង្វឹក និងកីឡាករក៏បានយល់ព្រមតាមការបំភ្លឺនេះផងដែរ…»។

យោងតាមប្រកាសអន្តរក្រសួង ស្ដីពី គោលការណ៍សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិ និងការប្រកួតលក្ខណៈអន្តរជាតិផ្លូវការប្រចាំឆ្នាំ ចេញថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ចុះហត្ថលេខារួមគ្នាដោយលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រង់ប្រការ៦ ចំណុច «ខ» ស្ដីពី ប្រាក់រង្វាន់លើកទឹកចិត្ត កីឡាករ កីឡាការិនីជើងឯកតាមប្រភេទកីឡា (Championship) និង ចំណុច «ខ.១.» ស្ដីពី ការប្រកួតកីឡាជើងឯកពិភពលោក កំណត់ថា «មេដាយមាស» ផ្ដល់ប្រាក់រង្វាន់ជូន ១នាក់ចំនួន«២០លានរៀល»៕