(តាកែវ)៖ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារតាមបណ្តាផែន អំពីលទ្ធផលសំរេចបាន បញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តបន្ត ការងារពង្រឹងវិន័យកងកម្លាំង ព្រមទាំងផ្សព្វផ្សាយអនុសាសន៍ដឹកនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបទបញ្ជាថ្មីៗ របស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

ពិធីនេះដែរស្ថិតក្រោមវត្តមាន ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី លោក-លោកស្រី វរសេនីយ៍ជាស្នងការរងទទួលផែន និងស្នងការរងទទួលបន្ទុក។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដោយសង្កត់ធ្ងន់ទៅលើវិន័យកងកម្លាំងពង្រឹងវេនប្រចាំបញ្ជា២៤/២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ជាពិសេសត្រៀមកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខ័ណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ។

ទន្ទឹមនោះដែរ លោកស្នងការបានណែនាំកងកម្លាំង ត្រូវបន្តចូលរួមឱ្យបានសកម្មផុលផុស ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដើម្បីធានាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បាន នាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចក្រឡាហោម និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដោយសម្តែងការកោតសរសើរដល់កងកម្លាំង នគរបាលខេត្តកំពង់ចាម ដែលបានប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងការជួយថែរក្សា និងបម្រើសេវាជូនដល់ប្រជាពលរដ្ឋក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។

លោកស្នងការបានបន្ថែមថា អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់រំលឹកដល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលបានកោតសរសើរ ចំពោះកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាធ្វើឲ្យ ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងធ្វើឲ្យពលរដ្ឋបានសប្បាយរីករាយ។

ជាចុងក្រោយលោកឧត្តមសេនីយ៍ទោ មានមតិផ្តាំផ្ញើដល់លោកអធិការ អធិការរង លោកនាយប៉ុស្តិ៍ ត្រូវបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ឲ្យបានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕