(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា លោកស្រី អុង សានស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា ដែលមានតួនាទីជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងជារដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា នឹងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០១៩នេះ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ នៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។

ចាប់តាំងពីឈ្នះការបោះឆ្នោតជាប្រវត្តិសាស្រ្តនៅប្រទេសមីយ៉ាន់ម៉ា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ទោះបីជាមិនមែនជាប្រធានាធិបតី តែលោកស្រី អុង សានស៊ូជី បានបំពេញទស្សនកិច្ចនៅប្រទេសជាច្រើន។

យ៉ាងណាក៏ដោយក្នុងរបបដឹកនាំដោយ លោកស្រី អុង សានស៊ូជី កន្លងទៅនេះ ក៏ទទួលការរិះគន់យ៉ាងច្រើនផងដែរ ពីមជ្ឈដ្ឋានអន្តរជាតិ ចំពោះការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៉ីងយ៉ា៕