(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បានសហការជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការវិវត្តវិស័យអប់រំ ក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសកល និងកម្ពុជា» ក្រោមអធិបតីភាពលោកបណ្ឌិត ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា។

សិក្ខាសាលាដែលត្រូវបានធ្វើឡើងនៅវិមានរដ្ឋសភានេះ គឺជាវេទិកាពិគ្រោះយោបល់មួយដ៏សំខាន់ ក្នុងការទទួលបានធាតុចូលបន្ថែមចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនាទានចំពោះការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា នឹងចក្ខុវិស័យទៅអនាគត ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឆ្លើយតបទៅនឹងរបត់ថ្មីនៃយុគសម័យឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក្នុងក្របខណ្ឌនៃសង្គមពុទ្ធិ។

សិក្ខាសាលានេះក៏នឹងផ្តោតលើប្រធានបទសំខាន់ៗដូចជា៖ ទី១៖ គោលនយោបាយធនធានមនុស្សក្នុងវិស័យអប់រំ, ទី២៖ កាលានុវត្តភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់យុគសម័យឌីជីថល, ទី៣៖ ការអនុវត្តការគ្រប់គ្រងតាមសាលារៀន និងកំណែទម្រង់វិទ្យាស្ថានគរុកោសល្យ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងទី៤៖ ទិសដៅឆ្ពោះទៅការអប់រំបែបឌីជីថល។

សូមបញ្ជាក់ថា សមាសភាពអ្នកចូលរួមក្នុងសិក្ខាសាលានេះរួមមាន៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ប្រធាន អនុប្រធាន សមាជិក គណៈកម្មការជំនាញ នៃរដ្ឋសភា និងព្រឹទ្ធសភា, ថ្នាក់ដឹកនាំមកពីក្រសួងអប់រំ យុវជន និងកីឡា, អង្គការជាដៃគូសហប្រតិបត្តិការជាតិ និងអន្តរជាតិ៕