(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថា ខ្លួននឹងរៀបចំវេទិកាតុមូលមួយក្រោមប្រធានបទ «ការឆ្លងឆ្លើយគ្នារវាងស្ថានទូត សហរដ្ឋអាមេរិក និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា» នាថ្ងៃទី៣០ ខែមេសា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។

យោងតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា កិច្ចពិភាក្សាតុមូលនេះនឹងមានវាគ្មិនកិត្តិយសមកពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ អ្នកប្រវត្តិសាស្ត្រ អ្នកច្បាប់ និងអ្នកស្រាវជ្រាវមកពីរាជបណ្ឌិត្យសភាកម្ពុជា។ សម្រាប់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីនេះ សូមទាក់ទងទៅកាន់លេខទូរស័ព្ទលេខ៖ ០៩២ ៤៦៩ ៣៨៤។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងជាថ្មី ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះអាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំងបំផុត ចំពោះភាពជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។

ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើ Facebook របស់ខ្លួន ដោយធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»។

ស្ថានទូតអាមេរិក បានបន្តទៀតថា៖ «នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។

ភ្លាមៗបន្ទាប់ពីមានការរិះគន់នេះ ស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា បានប្រកាសឆ្លើយតបធ្ងន់ៗទៅកាន់ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរាជធានីភ្នំពេញវិញដោយបានអះអាងថា សហរដ្ឋអាមេរិកកំពុងតែបង្កបញ្ហាអុជអាល សារជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាឱនភាពពាណិជ្ជកម្ម ព្រមទាំងលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជានិងចិន មិនមែនត្រឹមតែដើម្បី ពាណិជ្ជកម្មនោះឡើយ ចិនបានជួយកសាង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនដល់កម្ពុជា ក្នុងនោះកសាងផ្លូវ Highways ចំនួន៣១ខ្សែ និងស្ពានចំនួន៨ ដែលមានប្រវែងសរុបជាង៣០០០គីឡូម៉ែត្រ និងស្ថានីយវារី អគ្គិសនីជាច្រើនទៀត។

លើសពីនោះទៅទៀត ស្ថានទូតមហាអំណាចចិនបានអះអាងបន្ថែមថា ប្រទេសកម្ពុជាបាននាំចូលនូវវត្ថុធាតុដើមវាយនភ័ណ្ឌ និងគ្រឿងម៉ាស៉ីនវាយនភ័ណ្ឌយ៉ាងច្រើនពីប្រទេសចិន សម្រាប់បម្រើវិស័យកាត់ដេរ ខណៈដែលខ្លួនបាននាំចេញផលិតផលសម្រេច ទៅកាន់គ្រប់ទីកន្លែងទូទាំងសកលលោក ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ៕