(ព្រះសីហនុ)៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន នៅថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំមន្ត្រីស្ថាប័នជំនាញមួយចំនួន ចុះត្រួតពិនិត្យប្រព័ន្ធលូបង្ហូ ទឹកស្អុយ ចូលទៅសមុទ្រ នៅតាមឆ្នេរមួយចំនួនរួមមាន៖ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរដំណាក់ស្តេចជាដើម ប្រយោជន៍ ដើម្បីឲ្យប្រាកដថា មិនមានទឹកស្អុយហូរត្រង់ចូលទៅសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អុយ ឬអាងប្រព្រឹត្តិកម្ម ជាមុននោះទេ។

នាឱកាសនោះដែរ លោក យន្ត មីន ក៏បានចុះទៅត្រួតពិនិត្យអាងប្រព្រឹត្តកម្ម សម្រាប់ចម្រោះទឹកស្អុយ មានទំហំប្រមាណ ១៦ហិចតា មានទីតាំងនៅចុងឆ្នេរអូរឈើទាល ថែមទៀត ដើម្បីតាមដានលើការងារថែរក្សាអនាម័យបរិស្ថាន ឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យមានសោភ័ណភាព ដើម្បីឈានទៅទាក់ទាញចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិក៏ដូចជា ឲ្យចូលមកទស្សនាខេត្តនេះឲ្យបានច្រើន និងជម្រុញលើកស្ទួយវិស័យទេសចរណ៍នៅមូលដ្ឋាននេះ ឲ្យបានល្អថែមទៀត។

ព្រមជាមួយគ្នានេះ លោកអភិបាលខេត្តព្រះសីហនុ ក៏បានរំលឹកដល់មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ឲ្យរួមសហការគ្នា ចុះពិនិត្យតាមដាន បញ្ហាទឹកស្អុយហូរត្រង់ចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អុយជាមុននោះ ដើម្បីឈានទៅមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព៕