(កំពង់ស្ពឺ)៖ សិស្សដែលកំពុងរៀនក្នុងមូលនិធិបូផា ដើម្បីសហគមន៍ ចំនួន៨០នាក់ ដែលស្ថិតនៅក្នុងភូមិអង្គទម្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទទួលបានអំណោយជាសម្ភារសិក្សា ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន។

នៅក្នុងពិធីនេះ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក៏មានការចូលរួម និងផ្តួចផ្តើមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ៊ិនប៊ិសនែស ដោយមានការរៀបចំទទួលស្វាគមន៍ពី កញ្ញា ឃិន ច័ន្ទបូផា ប្រធានមូលនិធិបូផាដើម្បីសហគមន៍។

កញ្ញា ឃិន ច័ន្ទបូផា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងអស់ ដែលផ្តល់សម្ភារសិក្សា កាតាប និងថវិកា មួយចំនួនមកដល់មូលនិធិបូផាដើម្បីសហគមន៍ គាត់ក៏បានផ្តាំផ្ញើសិស្សថា នេះជាការយកចិត្តទុក្ខដាក់របស់ថ្នាក់ដឹកនាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន និងក្រុមហ៊ុន អ៊ិនប៊ិសនែស ដែលមិនមែនជាក្រុមហ៊ុនឯកជន គិតតែពីរកប្រាក់ចំណេញមួយមុខទេ លើសពីនេះ ក្រុមហ៊ុនតែងតែចូលរួមការងារសង្គម ដូចបានយកការបរិច្ចាក ជូនដល់មូលនិធិបូ ផា។

ថ្លែងក្នុងឱកាសនោះផងដែរ លោក ឡាយ ចន្ធី តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសម្បត្តិ ហ្វាយនែន សូមឲ្យសិស្សទាំងអស់ ត្រូវមានសង្ឃឹមនៅក្នុងជីវិតជានិច្ច នឹងបន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីបង្កើនចំណេះដឹង ព្រោះថាមានតែចំណេះដឹងទេ ទើបអាចធ្វើអោយពួកយើងមានអនាគតភ្លឺស្វាង ជាពិសេស ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ លោកក៏បានបន្ថែមថា យើងសម្បត្តិហ្វាយនែន នឹងបន្តផ្តល់នូវការបរិច្ចាកទៅតាមលទ្ធភាពដែលអាចធ្វើបាន។

ជាចុងក្រោយកញ្ញា ឃិន ច័ន្ទបូផា និងសិស្សានុសិស្សបានជូនពរឲ្យបុគ្គលិកសម្បត្តិ ហ្វាយនែន និងបុគ្គលិកក្រុមហ៊ុនអ៊ិនប៊ិសនែស ឲ្យជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ៕