(កំពង់ចាម)៖ ក្បាលសាកសពជីដូន និងចៅស្រី ដែលត្រូវឃាតកកាប់ដាច់ពីខ្លួនហើយយកទៅកប់ចោលឆ្ងាយពីកន្លែងកើតហេតុ ស្ថិ តក្នុង ភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នោះ នៅពេលនេះត្រូវបានសមត្ថកិច្ចរកឃើញលលាដ៏ក្បាលហើយ នាយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងខេត្តកំពង់ចាម ទទួលផែនព្រហ្មទណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា នៅវេលាម៉ោង០៥៖៣០នាទីល្ងាចម្សិលមិញ មានប្រជាពលរដ្ឋរាយការណ៍ថា បានប្រទះឃើញក្បាលជនរងគ្រោះ នៅក្រោយផ្ទះ របស់ឈ្មោះ ប្រាក់ សេងហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន និងក្បាលក្មេងរងគ្រោះ នៅក្នុងរបងដីចំការជាប់ព្រំ ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ស្ថិតនៅទិសខាងលិចឈាងខាងជើង ដែលត្រូវបានសត្វឆ្កែរបស់ម្ចាស់ផ្ទះ បានអូសយកមកដាក់ចំណុចខាងលើ។

ក្រោយទទួលបានព័ត៌មាននេះ និងមានការបញ្ជាណែនាំពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងជំនាញចុះពិនិត្យភ្លាមៗ នៅកន្លែងកើតហេតុ និងដោយមានធ្វើការហ៊ុព័ទ្ធបរិវេណទីតាំងខាងលើផងដែរ។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ក៏បានបញ្ជាក់ទៀតថា ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យពីសមត្ថកិច្ចជំនាញ និងមានការសហការជាមួយ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសន្និដ្ឋានថា លលាដ៏ក្បាល ជាក្បាលរបស់ ឈ្មោះ វង់ អូន និងចៅឈ្មោះ ខូវ សាវឿន ដែលត្រូវជនល្មើសម្លាប់កាត់ក្បាលកាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិទួលថ្ម ឃុំថ្មពូ ស្រុកព្រៃឈ ខេត្តកំពង់ចាមពិតប្រាកដមែន។

សូមជម្រាបថា ជនដៃដល់២នាក់ដែលពាក់ព័ន្ធអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ចាម តាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបានផងដែរ ហើយរហូតមកដល់ពេលនេះ កម្លាំងជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម និងត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់មូលហេតុដែលនាំឲ្យកើតមានអំពើឃាតកម្មនេះ ត្រូវបានជនដៃដល់ សារភាពថា មូលហេតុដែលសម្លាប់ជនរងគ្រោះ ព្រោះតែគំនុំ។ គំនុំដោយសារជនសង្ស័យស្រលាញ់ជនរងគ្រោះ ហើយមានអ្នកផ្សេងមកស្រឡាញ់ដែរ ក៏ដូចជាផ្ទុះរឿងចេញក៏ឈានដល់ការសម្លាប់ជនរងគ្រោះតែម្តង។ ជនសង្ស័យធ្លាប់សម្លាប់មនុស្សម្តងមកហើយកាលពីឆ្នាំ១៩៩៥ ដែលមានចរឹកកាចសាហាវ ហើយក្រោយពេលឃាត់ខ្លួន ប្រជាពលរដ្ឋចង់ព្រួតវាយសម្លាប់ចោលតែម្តង កុំតែបានសមត្ថកិច្ចជួយអន្តរាគមន៍៕